(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានញ្ជាក់សារជាថ្មីនៅថ្ងៃពុធនេះថា តួកគីនឹងមិនអនុញ្ញាតឱ្យស៊ុយអែតចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូឡើយ ដរាបណាប្រទេសនេះអនុញ្ញាតឱ្យមានការរំលោភគម្ពីដ៏វិសុទ្ធរបស់សាសនាអ៊ីស្លាម។ នេះបើយោងតាមការចញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Erdogan បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សមាជិកសភាមកពីគណបក្សកាន់អំណាចរបស់លោកនៅថ្ងៃពុធនេះថា «ស៊ុយអែត កុំបីតែរំខាន! ដរាបណាអ្នកអនុញ្ញាតឱ្យគម្ពីដ៏វិសុទ្ធរបស់ខ្ញុំ ដែលជាគម្ពីរគួរអានត្រូវបានដុតបំផ្លាញ ហើយអ្នកធ្វើវាជាមួយកងកម្លាំងសន្តិសុខរបស់អ្នក យើងនឹងមិននិយាយថា "អូខេ" ចំពោះអ្នកចូលរួមក្នុងអង្គការណាតូនោះទេ»

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃអង្គារបានថ្កោលទោសក្រុមបាតុករថាជា «មនុស្សល្ងង់ខ្លៅ» ដែលមានប្រយោជន៍ដល់បរទេស ក្នុងការធ្វើឱ្យប៉ះពាល់ដល់ប្រទេសស្ដង់ឌីណាវី ដែលចង់ចូលរួមជាមួយណាតូ។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់មានបាតុកម្មតវ៉ាជាបន្តបន្ទាប់នៅក្នុងទីក្រុងស្ដុកខុល របស់ក្រុមអ្នកនយោបាយស្ដាំនិយមជ្រុលស៊ុយអែត ដោយមានទាំងការដុតបំផ្លាញសេចក្ដីចម្លងគម្ពីគួរអាននៃសាសនាអ៉ីស្លាម។

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានបោះបង់ចោលជំហរអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធយោធារបស់ខ្លួនដោយដាក់ពាក្យស្នើសុំចូល NATO​ កាលពីឆ្នាំ២០២២ ដោយសារតែ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ដើម្បីអាចចូលក្នុងបក្សសម្ព័ន្ធយោធាមួយនេះ ប្រទេសទាំង២ ត្រូវការនូវការយល់ព្រមពីប្រទេសជាសមាជិកទាំង៣០ ប៉ុន្តែ តួកគី និងហុងគ្រី គឺជាប្រទេសតែ២គត់ ដែលមិនទាន់អនុម័តលើសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត៕