(បរទេស)៖ ផ្កាយដុះកន្ទុយពណ៌បៃតងមួយ ទើបតែបានធ្វើដំណើរកាត់ផែនដីជាលើកដំបូងឡើងវិញ ក្នុងរយៈពេល៥០,០០០ឆ្នាំមកនេះ ខណៈលើកចុងក្រោយដែលវាអាចត្រូវមើលឃើញ នៅលើផ្ទៃមេឃពេលរាត្រីនៃភពរបស់យើងយ៉ាងដូច្នេះ គឺតាំងតែពី​សម័យយុគថ្មម្ល៉េះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។។

ផ្កាយដុះកន្ទុយខាងលើ មានឈ្មោះសម្គាល់ថា C/2022 E3 បានហោះកាត់ភពផែនដីក្នុងគម្លាតកៀកបំផុតរបស់វា គឺចម្ងាយជាង ៤០លានគីឡូម៉ែត្រ បន្ទាប់ពីបានហោះកាត់ព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា។ ផ្កាយដុះកន្ទុយនេះ មានគន្លងធ្វើដំណើរជុំវិញ​ព្រះអាទិត្យ ក្នុងលក្ខណៈមួយដែលនាំវាហោះឆ្លងកាត់ តំបន់ផ្នែកខាងចុងនៃប្រព័ន្ធផ្កាយរបស់យើង ខណៈមូលហេតុនេះហើយ ទើបវាត្រូវធ្វើដំណើរ​ឆ្ងាយ និងចំណាយពេលយ៉ាងយូរ ទើបអាចមកហោះកាត់ភពយើងជាថ្មីម្តងទៀត។

គួរបញ្ជាក់ថា ថ្ងៃទី១-២ ខែកុម្ភៈ គឺជាពេលដែលវាអាចត្រូវមើលឃើញច្បាស់បំផុត នៅលើផ្ទៃមេឃនាវេលាទាបភ្លឺ ជាពិសេសសម្រាប់ តំបន់អឌ្ឍគោលខាងជើងនៃភពផែនដី។ ផ្កាយដុះកន្ទុយ E3 ត្រូវបានក្រុមតារាវិទូប្រទះឃើញជាលើកដំបូង តាមរយៈប្រព័ន្ធតេឡេស្កូប​​តាមដានផ្ទៃមេឃ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២៕