(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានធ្វើដំណើរទៅកាន់តំបន់ West Bank កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីលោកបានអំពាវនាវឱ្យបញ្ឈប់ការកើនឡើងនៃអំពើហិង្សា និងបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ​​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា​ ឆ្នាំ២០២៣។

លោក Blinken បានអំពាវនាវឱ្យភាគីជម្លោះទាំងពីររក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីមានអំពើហិង្សាយ៉ាងបង្ហូរឈាមនៅតំបន់ West Bank។ ជនជាតិប៉ាឡេស្ទីនចំនួន ៣៥នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងអ៊ីស្រាអែលក្នុងខែមករាតែមួយ ដែលជាខែដ៏បង្ហូរឈាមបំផុតចាប់តាំងពីឆ្នា២០១៥ ខណៈដែលការបំពានលើទ្រព្យសម្បត្តិរបស់ប៉ាឡេស្ទីន ពីសំណាក់ជនជាតិអ៊ីស្រាអែលដែលមកតាំងទីលំនៅក៏បានកើនឡើងផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ជនជាតិប៉ាឡេស្ទីន១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ដ៏សាហាវមួយ ទៅលើជំរំជនភៀសខ្លួននៅតំបន់ West Bank។ មួយថ្ងៃក្រោយមកក៏មានការវាយប្រហារសងសឹងវិញ ដោយសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ០៧នាក់នៅខាងក្រៅសាលាប្រជុំមួយ នៅទីក្រុងហ្សេរុយសាឡឹមខាងកើត។

ក្នុងដំណើរទស្សនកិច្ចនេះដែរ បន្ថែមពីលើការអំពាវនាវជាថ្មីឱ្យមានភាពស្ងប់ស្ងាត់ និងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ដំណោះស្រាយរដ្ឋពីរ លោក Blinken ក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីរបៀបជួយសេដ្ឋកិច្ចប៉ាឡេស្ទីន ដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេសផងដែរ៕