(តេហេរ៉ង់)៖ មន្រ្តីទូតអ៉ីរ៉ង់បានព្រមានថា សកម្មភាពយោធាអាមេរិកប្រឆាំងប្រទេសរបស់ពួកគេ នឹងបង្កហានិភ័យដែលអាចឱ្យផ្ទុះសង្រ្គាមបាន បន្ទាប់ពីមានការសង្ស័យថា ទីក្រុងវ៉ាស៉ីនតោនអាចជាប់ពាក់ព័ន្ធ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន លើរោងចក្រយោធាអ៉ីរ៉ង់ នាពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីមានហេតុការណ៍នេះប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ បានរាយការណ៍ថា ការផ្ទុះនេះគឺជាលទ្ធផលនៃប្រតិបត្តិការរបស់ ទ័ពអាកាសអាមេរិក។ ប៉ុន្តែអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) បានថ្លែងថា គ្មានកងកម្លាំងអាមេរិកណាមួយពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ហើយបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។

ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន Newsweek របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះថា បច្ចុប្បន្នអ៉ីរ៉ង់ចាត់ទុកលទ្ធភាពបែបនេះជាការបង្កើនសម្ពាធ។ ប្រសិនបើសហរដ្ឋអាមេរិកគណនាខុស នោះនឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់តំបន់ និងពិភពលោក ហើយនឹងក្លាយទៅការទទួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា ការព្រមានរបស់មន្រ្តីទូតអ៉ីរ៉ង់ខាងលើនេះបានកើតឡើង បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះដ្រូនតូចៗចំនួន ៣គ្រឿង លើទីតាំងរោងចក្រយោធានៅកណ្តាលទីក្រុងអ៉ីសហ្វាហាន (Isfahan) កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន៕