(សាគ្រែប)៖ ប្រធានាធិបតីក្រូអាស៉ី លោក ហ្សូរ៉ាន មីឡាណូវិគ (Zoran Milanovic) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា តំបន់គ្រីមៀ ដែលធ្លាប់ជាទឹកដីរបស់អ៊ុយក្រែន ហើយត្រូវរុស្ស៉ីកាត់យកកាលពីឆ្នាំ២០១៤ គឺនឹងគ្មានថ្ងៃអាចក្លាយជាផ្នែករបស់​អ៊ុយក្រែនឡើងវិញឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

លោក មីឡាណូវិគ បាននិយាយថា អ្វីដែលក្រុមលោកខាងលិចកំពុងធ្វើពាក់ព័ន្ធនឹងអ៊ុយក្រែន គឺខ្វះសីលធម៌ជាខ្លាំង ដោយសារតែ វាគ្មានដំណោះស្រាយជាក់ស្តែងសម្រាប់សង្រ្គាមនោះឡើយ ហើយបើតាមការយល់ឃើញរបស់លោក គឺច្បាស់ណាស់ថាគ្រីមៀនឹង​គ្មានថ្ងៃ អាចក្លាយជាផ្នែកនៃប្រទេសអ៊ុយក្រែនឡើងវិញទេ។

លោក មីឡាណូវិគ ដែលមាននិន្នាការប្រឆាំងនយោបាយលោកខាងលិចចំពោះអ៊ុយក្រែន ធ្លាប់បាននិយាយថា លោកមិនចង់ឱ្យ​ប្រទេសរបស់លោក ដែលជាសមាជិកថ្មីចុងក្រោយគេរបស់សហភាពអឺរ៉ុប (EU) ត្រូវប្រឈមនឹងអ្វីដែលលោកហៅថាជា ផលវិបាកអន្តរាយធ្ងន់ធ្ងរដែលអាចកើតឡើង ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ កន្លងមកនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានប្តេជ្ញាស្តារឡើងវិញឱ្យបាន នូវការគ្រប់គ្រងរបស់អ៊ុយក្រែនលើតំបន់ឧបទ្វីបគ្រីមៀ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ក្រុមសមាជិកសភាក្រូអាស៉ី បានបោះឆ្នោតជំទាស់សំណើ ដែលចង់ប្រទេសក្រូអាស៉ីចូលរួម​បេសកកម្មរបស់ EU ក្នុងការគាំទ្រដល់យោធាអ៊ុយក្រែន ខណៈប្រការនេះបានឆ្លុះបញ្ចាំងឱ្យឃើញពី ភាពមិនចុះសម្រុងគ្នាយ៉ាងស៉ីជម្រៅ រវាងលោក មីឡានណូវិគ ហើយនិងនាយករដ្ឋមន្រ្តីក្រូអាស៉ី លោក អាន់ដ្រេ ភ្លេនកូវិគ (Andrej Plenkovic)៕