(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរនៅក្នុងប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនជនរងគ្រោះស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅឯប្រទេសប៉ាគីស្ថាន បានកើនដល់ ៨៣នាក់ និងជាង១៥០ នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យ ប្រទេសប៉ាគីស្ថាន គឺ​ត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។ ប៉ូលិសប៉ាគីស្ថាន បានបញ្ជាក់ថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានកើនដល់ ៨៣នាក់ ក្រោយអ្នករងរបួសជាច្រើននាក់ស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ ហើយក្នុងចំណោមអ្នកស្លាប់មានប៉ូលិស ២៧នាក់ផងដែរ។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។ អ្នករួចជីវិតនិងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយមានជនរងគ្រោះដទៃទៀត នៅកប់ជាប់ក្រោមគំនរបាក់បែក ខណៈមនុស្សជាច្រើននៅក្នុង ចំណោមអ្នករងរបួសស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕