(អ៉ីស្លាម៉ាបាដ)៖ ចំនួនជនរងគ្រោះក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅឯប្រទេសប៉ាគីស្ថាន នាថ្ងៃចន្ទនេះ បានកើនដល់ ២៥នាក់ស្លាប់ និងជាង១២០នាក់របួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យប្រទេសប៉ាគីស្ថាន គឺទំនងជា​ត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។ តួលេខជនរងគ្រោះថ្មីខាងលើ ត្រូវបានទទួលស្គាល់ដោយស្នងការប៉ូលិសរង លោក សាហ្វីអ៊ូលឡោះ ខាន់ (Shafiullah Khan) ហើយលោកបានបង្ហាញក្តីបារម្ភថា តួលេខនេះអាចនឹងបន្តកើនឡើងថែមទៀត។ អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading Hospital ប្រាប់ថា ខាងមន្ទីរពេទ្យទទួលបាន សាកសពនិងអ្នករងរបួសរាប់សិបនាក់ ហើយមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់២៦០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។ អ្នករួចជីវិតនិងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយមានជនរងគ្រោះដទៃទៀត នៅកប់ជាប់ក្រោមគំនរបាក់បែក៕