(តូក្យូ)៖ នៅថ្ងៃអាទិត្យនេះ ស្ថានទូតចិននៅទីក្រុងតូក្យូ បានប្រកាសថា ទីក្រុងប៉េកាំងបានសម្រេចបន្តឡើងវិញហើយ នូវការផ្តល់ទិដ្ឋាការទូទៅសម្រាប់ពលរដ្ឋជប៉ុន ដែលធ្វើដំណើរទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

ស្ថានទូតចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះទៅតែម្តង ស្ថានទូតក៏ដូចជាស្ថានកុងស៊ុលទាំងអស់ប្រចាំនៅក្នុងប្រទេសជប៉ុន​ នឹងបន្តដំណើរការឡើងវិញ នូវការត្រួតពិនិត្យក៏ដូចជាការចេញទិដ្ឋាការប្រភេទទូទៅ សម្រាប់ពលរដ្ឋជប៉ុនទាំងឡាយ ដែលធ្វើដំណើរទៅកាន់ប្រទេសចិន។ ចិនបានលែង​ផ្តល់ទិដ្ឋាការដល់ជនជាតិជប៉ុនតទៅទៀត កាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីប្រទេសជប៉ុនបានរឹតបន្តឹងចំណាត់ការគ្រប់គ្រងកូវីដ១៩ នៅព្រំប្រទល់របស់ខ្លួន លើអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសចិនផ្ទាល់។

គួរបញ្ជាក់ថា កំលុងការផ្អាកកន្លងមកនេះ រដ្ឋាភិបាលចិនបានផ្តល់ទិដ្ឋាការឱ្យអ្នកដំណើរជប៉ុនមួយចំនួន ប៉ុន្តែទាំងនោះគឺធ្វើឡើងក្រោម​ករណីលើកលែង សម្រាប់អ្នកការទូត មន្រ្តីរដ្ឋាភិបាល និងធុរជន ដែលមានកិច្ចការបន្ទាន់ប៉ុណ្ណោះ។ ទីក្រុងប៉េកាំងក៏បានឈប់ផ្តល់ទិដ្ឋាការ​​ស្នាក់នៅរយៈពេលខ្លី សម្រាប់អ្នកដំណើរកូរ៉េខាងត្បូងផងដែរ ក្រោមហេតុផលពាក់ព័ន្ធចំណាត់ការកូវីដ១៩ ដូចគ្នា។