(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) នឹងទៅដល់ប្រទេសអេហ្ស៉ីបនៅថ្ងៃអាទិត្យនេះ ដែលជាគោលដៅដំបូង នៃដំណើរទស្សនកិច្ចរបស់លោកនៅតំបន់មជ្ឈិមបូព៌ា ខណៈកំលុងពេលនោះ លោកត្រូវគេរំពឹងថា នឹងព្យាយាមប្រើប្រាស់​ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន បន្ទាប់ពីមានការកើនឡើងនៃអំពើហិង្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

លោក ប្លីនខិន នឹងបន្តឆ្ពោះទៅកាន់ទីក្រុងហ្សេរុយសាឡឹម និងទីក្រុងរ៉ាម៉ាឡោះនៃតំបន់ហ្វេសប៊ែង (West Bank) នៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្តាហ៍ខាងមុខ។ តាមពិតលោកបានរៀបចំដំណើរទស្សនកិច្ចនេះទុកមុនជាយូរមកហើយ ក្នុងបំណងជួបជាមួយរដ្ឋាភិបាលស្តាំនិយមថ្មីរបស់ប្រទេសអ៉ីស្រាអែល ប៉ុន្តែការបំពេញទស្សនកិច្ចរបស់លោក ទទួលបានសារសំខាន់ថ្មី បន្ទាប់ពីអំពើហិង្សាក្នុងតំបន់បានកើតមានបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក វេដាន់ ផាទែល (Vedant Patel) បាននិយាយថា លោក ប្លីនខិន នឹងជួបជាមួយនាយករដ្ឋមន្រ្តី​អ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយនិងមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ ព្រមទាំងអំពាវនាវឱ្យមានចំណាត់ការ ដើម្បី​បន្ថយកម្តៅនៃភាពតានតឹងដែលបានកើនឡើង។

គួរបញ្ជាក់ថា កាលពីសុក្រសប្តាហ៍នេះ ខ្មាន់កាំភ្លើងប៉ាឡេស្ទីនម្នាក់ បានសម្លាប់មនុស្ស៧នាក់ នៅក្រៅព្រះវិហារជ្វីហ្វមួយកន្លែង នៅភាគខាងកើតទីក្រុងហ្សេរុយសាឡឺម ហើយក្រោយមក នៅថ្ងៃសៅរ៍ក្មេងប្រុសប៉ាឡេស្ទីនអាយុ១៣ឆ្នាំម្នាក់ បានបង្កឱ្យជនជាតិអ៉ីស្រាអែល២នាក់ឪពុកនិងកូនរងរបួស ក្នុងការវាយប្រហារនៅតំបន់ភាគខាងកើតទីក្រុងហ្សេរុយសាឡឹមដដែល។

រីឯ​កាលពីថ្ងៃព្រហស្បតិ៍វិញ ជនជាតិប៉ាឡេស្ទីន៩នាក់បានស្លាប់ ក្នុងប្រតិបត្តិការវាយឆ្មក់របស់យោធាអ៉ីស្រាអែល នៅតំបន់ West Bank។ អ៉ីស្រាអែល​បានអះអាងថា ប្រតិបត្តិការនោះមានគោលដៅលើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ជាមួយគ្នានេះ កងទ័ពអ៉ីស្រាអែលក៏បានវាយប្រហារតាម​ផ្លូវអាកាសលើតំបន់ហ្កាហ្សាស្រ្ទីព (Gaza Strip) ដែលគ្រប់គ្រងដោយក្រុមប៉ាឡេស្ទីន ហាម៉ាស់ ផងដែរ ឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតមកលើខ្លួន៕