(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

លោក ចូ បៃដិន ប្រកាសពីការសម្រេចចិត្តខាងលើនៅឯសេតវិមាន និងបន្ទាប់ពីអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់​អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការបញ្ជូនរថក្រោះនឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារទឹកដីរបស់ខ្លួន និងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ ពីព្រោះថារថក្រោះនេះជារថក្រោះមានសមត្ថភាពបំផុតនៅលើពិភពលោក»

ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា សហរដ្ឋអាមេរិក ក៏នឹងផ្ដល់ការបណ្ដុះបណ្ដាល និងការផ្គត់ផ្គង់ចាំបាច់នានាដល់ទីក្រុងកៀវ ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការរថក្រោះ Abrams ផងដែរ។ តែព្រមពេលជាមួយគ្នា លោក បៃដិន នៅតែបញ្ជាក់ឡើងវិញដដែលថាការផ្ដល់រថក្រោះ Abrams ចំនួន៣១គ្រឿងគិតជាទឹកប្រាក់ជាង ៤០០លានដុល្លារ គឺមានគោលដៅជួយអ៊ុយក្រែន ការពារខ្លួន និងទឹកដីតែប៉ុណ្ណោះ ដោយមិនមែនជាការគំរាមកំហែងដល់រុស្ស៉ីឡើយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងបែរឡាំង កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសជាផ្លូវការហើយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនឱ្យទៅអ៊ុយក្រែន ក្រោយរងសម្ពាធពីសម្ព័ន្ធមិត្តឱ្យធ្វើយ៉ាងដូច្នោះ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់​ក៏នឹងផ្តល់ការអនុញ្ញាតដល់ បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។ រីឯការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថក្រោះ Leopard និង Abrams នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ៕