(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់មិនជឿឡើយថាប្រទេសបេឡារុស ចង់ចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែ អ៊ុយក្រែនកំពុងត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយមកលើសន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinistö) ក្នុងទីក្រុងកៀវ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុង ហើយនឹងមិនបើកការវាយប្រហារលើបេឡារុសនោះទេ។ នេះគឺជាការបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់ប្រជាជនបេឡារុស ហើយវា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងដែលបេឡារុស មិនបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងមិនចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ទោះមានសម្ពាធយ៉ាងណា ក៏ដោយ»

គួរបញ្ជាក់ថា ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានអះអាងថាលោកទទួលបានសំណើឱ្យ ចុះសន្ធិសញ្ញាមិនឈ្លានពានមួយ ជាមួយអ៊ុយក្រែន។ លោក លូកាសិនកូ ដែលជាសម្ព័ន្ធមិត្តរបស់លោក ពូទីន មិនបានឱ្យដឹងថាតើអ៊ុយក្រែន ឬក៏ប្រទេសលោកខាងលិចណាមួយ ដែលបានស្នើឱ្យលោកចុះសន្ធិសញ្ញាមិនឈ្លានពាននោះទេ ខណៈមានការសន្និដ្ឋានជាច្រើនថាបេឡារុសអាចនឹងត្រូវបានបង្ខំឱ្យចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី៕