(វែលីងតោន)៖ លោក គ្រីស ហ៉ីបគីន (Chris Hipkins) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសនូវែលសេឡង់ ក្នុងពិធីផ្លូវការមួយនៅថ្ងៃពុធនេះ ក្រោយលោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) សុំលាលែងពីតំណែងកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

មេដឹកនាំគណបក្សការងារដែលជាអតីតរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការឆ្លើយតបនឹងកូវីដ១៩ និងជាអតីតមន្រ្តីប៉ូលិស អាយុ៤៤ឆ្នាំ លោក ហ៉ីបគីន បាននាំមុខគេក្នុងការក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីដឹកនាំប្រទេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ក្រោយពិធីស្បថចូលកាន់តំណែងជាផ្លូវការ លោក ហ៉ីបគីន នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៅថ្ងៃបន្ទាប់។

គួរបញ្ជាក់ថា លោក គ្រីស ហ៉ីបគីន ត្រូវបានប្រជាជននូវែលសេឡង់ស្គាល់យ៉ាងច្បាស់អំពីសមត្ថភាពរបស់លោក ក្នុងការដោះស្រាយបញ្ហាជំងឺកូវីដ១៩ទោះបីជាមានកំហុសមួយចំនួនក្តី តែលោកនៅតស៊ូយ៉ាងស្វិតស្វាញដើម្បីរក្សាអំណាចនៅក្នុងបក្ស៕