(ហេស៊ីគី)៖ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោក Pekka Haavisto បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសហ្វាំងឡង់ប្រហែលជាត្រូវពិចារណាឡើងវិញ ចំពោះការចង់ចូលរួមជាសមាជិកអង្គការណាតូ​ ក្នុងពេលដំណាលគ្នាជាមួយនឹងប្រទេសស៊ុយអែត ប្រសិនបើសំណើរបស់ស៊ុយអែតត្រូវបានពន្យារពេលបន្តទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិនៅថ្ងៃអង្គារនេះ លោក Haavisto បាននិយាយថា ការចូលរួមក្នុងអង្គការណាតូតំណាលគ្នាជាមួយស៊ុយអែត នៅតែជាអាទិភាពមួយ ទាក់ទងនឹងផលប្រយោជន៍សន្តិសុខនៃប្រទេសទាំងពីរ។ ប៉ុន្តែបើនៅតែពន្យាពេលទៀតនឹងត្រូវពិចារណាឡើងវិញ។

ការធ្វើអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីយប់ថ្ងៃចន្ទថា ស៊ុយអែតមិនត្រូវរំពឹងថា ប្រទេសតួកគីនឹងយល់ព្រមចូលរួមជាមួយអង្គការណាតូឲ្យសោះ បន្ទាប់ពីមានក្រុមជ្រុលនិយមបានដុតគម្ពីរគួរអាន នៅខាងក្រៅស្ថានទូតតួកគីក្នុងទីក្រុង Stockholm កាលពីថ្ងៃសៅរ៍។

លោករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់បាននិយាយថា ការតវ៉ានាពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ុយអែតបានពន្យារពេលដំណើរការសំណើរបស់ស៊ុយអែត និងហ្វាំងឡង់ ដោយសង្កត់ធ្ងន់ថា ផ្លូវរបស់ហ្វាំងឡង់-ស៊ុយអែតចូលជាសមាជិកអង្គការណាតូ នឹងត្រូវពន្យារពេលយ៉ាងហោចណាស់ រហូតដល់ការបោះឆ្នោតសភា និងប្រធានាធិបតីនៅក្នុងប្រទេសតួកគី នៅពាក់កណ្តាលខែឧសភាខាងមុខ៕