(ព្រុចសែល)៖ មន្រ្តីយោធាជាន់ខ្ពស់មួយរូបរបស់អង្គការណាតូ (NATO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីនឹងនៅតែជាការគំរាមកំហែងមួយដដែល ចំពោះ NATO បើទោះបីជាកងកម្លាំងរុស្ស៉ីចាញ់សង្រ្គាមនៅអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់ NATO ក្នុងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក លោក រ៉ប បៅអឺ (Rob Bauer) ប្រធានគណៈកម្មាធិការយោធា នៃបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បានលើកឡើងយ៉ាងដូច្នេះថា «ទោះបីលទ្ធផលសង្រ្គាមនៅអ៊ុយក្រែន នឹងទៅជាយ៉ាងណាក៏ដោយ រុស្ស៉ីទំនងនឹងនៅមានមហិច្ឆតាស្រដៀងគ្នាដដែល ហេតុនេះការគំរាមកំហែងនឹងមិនបាត់ទៅណានោះទេ»

លោក បៅអឺ បានបន្តទៀតថា ខណៈចំនួនកងទ័ព សព្វាវុធ និងគ្រាប់រំសេវរបស់រុស្ស៉ី គឺបានថយចុះខ្លាំងដោយសារតែសង្រ្គាមក្តី អង្គការ NATO រំពឹងថា ទីក្រុងមូស្គូនឹងព្យាយាមកសាងឡើងវិញ ហើយអាចនឹងពង្រឹងបន្ថែមសមត្ថភាពយោធារបស់ខ្លួនទៀតផង។ បើតាមលោក បៅអឺ NATO នឹងត្រូវការពេលវេលាដើម្បីវាយតម្លៃថា តើរយៈពេលយូរប៉ុន្មានដែលរុស្ស៉ីនឹងត្រូវការ ដើម្បីកសាង​និងពង្រឹងកងកម្លាំងរបស់ខ្លួនឡើងវិញ។

គួរបញ្ជាក់ថា លោក បៅអឺ បានថ្លែងដូចខាងលើ នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល២ថ្ងៃ រវាងមន្រ្តីយោធាកំពូលៗ មកពីបណ្តាប្រទេសដែលជាសមាជិក របស់អង្គការ NATO៕