(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ដ្រេ រូដិនកូ (Andrei Rudenko) បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋនៅថ្ងៃអង្គារនេះថា «ជំហរប្រឆាំងរុស្ស៊ី» របស់ប្រទេសជប៉ុនធ្វើឲ្យកិច្ចចរចា សន្ធិសញ្ញាសន្តិភាពមិនអាចទៅរួចទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ី និងជប៉ុន មិនទាន់បញ្ចប់ជាផ្លូវការនូវអរិភាពនៃសង្គ្រាមលោកលើកទី២ ដោយសារតែការប្រឈមមុខដាក់គ្នាជុំវិញទីប្រជុំកោះ ដែលត្រូវបានរឹបអូសដោយអតីតសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាម ដែលស្ថិតនៅជិតកោះហុកកៃដូ (Hokkaido) ភាគខាងជើងនៃប្រទេសជប៉ុន។ កោះនេះត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថា ជាកោះគូរីល (Kuril) និងនៅប្រទេសជប៉ុន ជាដែនដីភាគខាងជើង។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS លោក រូដិនកូ បានគូសបញ្ជាក់ថា «វាច្បាស់ណាស់ថាមិនអាចទៅរួចទេក្នុងការពិភាក្សាអំពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសដែលប្រកាន់ជំហរអរិភាព និងអនុញ្ញាតឲ្យមានការគំរាមកំហែងដោយផ្ទាល់ប្រឆាំងនឹងប្រទេសរបស់យើង។ យើងមិនឃើញមានសញ្ញាណាមួយដែលទីក្រុងតូក្យូ នឹងងាកចេញពីផ្លូវប្រឆាំងចំពោះរុស្ស៊ី ឬការប៉ុនប៉ងណាមួយដើម្បីកែតម្រូវស្ថានភាពនោះទេ»

គួរបញ្ជាក់ថា រុស្ស៊ីបានដកខ្លួនចេញពីកិច្ចចរចាជាមួយជប៉ុនកាលពីខែមីនា ឆ្នាំ២០២២ ក្រោយជប៉ុនដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការឈ្លានពានលើអ៊ុយក្រែន។ ជប៉ុនបានបញ្ចេញ ប្រតិកម្មយ៉ាងខឹងសម្បារចំពោះចំណាត់ការនេះ ដោយចាត់ទុកថាជារឿងអយុត្តិធម៌ និងមិនអាចទទួល៕