(ឡុងដ៍)៖ ចក្រភពអង់គ្លេស នឹងប្រកាសចាត់ទុកជាផ្លូវការថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ដែលបានចាប់ខ្លួនមនុស្សមានសញ្ជាតិអង់គ្លេស ៧នាក់ ជុំវិញបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជា «អង្គការភេវករ» នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Telegraph ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២២។

សារព័ត៌មាន Telegraph ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអង់គ្លេសក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាការប្រកាសចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជា អង្គការភេរវករ អាចនឹងត្រូវបានប្រកាសនៅក្នុងសប្ដាហ៍នេះ និងមានការគំាទ្រពីរដ្ឋមន្ត្រីសន្តិសុខអង់គ្លេស​ លោក ថម ធូហ្គិនហេត (Tom Tugendhat) និងរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី ស៊ូអែលឡា ប្រាវឺមែន (Suella Braverman)។ ការប្រកាសចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអង្គការភេរវករ គឺមានន័យថារាល់ទំនាក់ទំនងណាមួយ ការចូលរួមប្រជុំជាមួយ និងការប្រើ និមិត្តសញ្ញាអង្គភាពអ៉ីរ៉ង់មួយនេះនៅតាមទីសាធារណៈនឹងត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌផងដែរ។ ប៉ុន្តែខាងរដ្ឋាភិបាលអង់គ្លេសផ្ទាល់មិនទាន់បានធ្វើអត្ថាធិប្បាយ ជុំវិញការចេញ ផ្សាយរបស់សារព័ត៌មាន Telegraph នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានចាប់ខ្លួនមនុស្សមានសញ្ជាតិអង់គ្លេស ៧នាក់ ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ដែលបានធ្វើឱ្យរំជើបរំជួលពេញផ្ទៃប្រទេស នៅក្រោយការស្លាប់របស់ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Mahsa Amini នៅក្នុងមន្ទីរឃុំឃាំងត្រូវបានប៉ូលិសអ៉ីរ៉ងចាប់ឃុំខ្លួន ដោយសារ ស្លៀកពាក់មិនសមរម្យ កាលពីខែកញ្ញា ឆ្នាំ២០២២៕