(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិតជាកំពុងពិភាក្សាលើការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

ការទទួលស្គាល់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងខាងលើ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកមិនបានពិភាក្សាពី ការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយកូរ៉េខាងត្បូង នោះទេ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើសហរដ្ឋអាមេរិកពិតជាកំពុងពិភាក្សាពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ជាមួយ កូរ៉េខាងត្បូង ដែរឬក៏យ៉ាងណា? លោក បៃដិន បានឆ្លើយយ៉ាងខ្លី «ទេ»។ ប៉ុន្តែ ខាងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ជាក់ថាលោក បៃដិន ឆ្លើយថាទេ គឺដោយសារតែលោកគ្មាន ជម្រើស ពីព្រោះលោកត្រូវបានសាកសួរតើប្រទេសទាំង២ ពិតជាកំពុងពិភាក្សាពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាដែរឬទេ ហើយណាមួយការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ជាទូទៅអាច ធ្វើឡើងទៅបានរវាងរដ្ឋនុយក្លេអ៊ែរ និងរដ្ឋនុយក្លេអ៊ែរតែប៉ុណ្ណោះ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «ជាការឆ្លើយតបទៅនឹងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប្រទេសទាំង២ (កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក) កំពុងពិភាក្សា ពីមធ្យោបាយលើចែករំលែកព័ត៌មានស្ដីពីការធ្វើប្រតិបត្តិការអាវុធនុយក្លេអ៊ែរដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងកំពុងរៀបចំផែនការធ្វើសមយុទ្ធរួមគ្នាផងដែរ»

គួរបញ្ជាក់ថា ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសារអបអរឆ្នាំថ្មី បានដាក់បទបញ្ជាឱ្យមានការអភិវឌ្ឍមីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ថ្មីៗបន្ថែមទៀត ព្រមទាំងបង្កើនចំនួនអាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើនជាងមុន ដើម្បីទប់ទល់ការគំរាមកំហែងដែលដឹកនាំដោយ​សហរដ្ឋអាមេរិក ចំពោះមុខការកើនឡើងនៃភាពតានតឹង នៅឧបទ្វីបកូរ៉េ៕