(កៀវ)៖ រុស្ស៉ីបានទទួលស្គាល់ថាទាហានរបស់ខ្លួនយ៉ាងហោច ៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលពីសំណាក់កងកម្លាំងអ៊ុយក្រែន លើទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់ កាលពីកំឡុងថ្ងៃចូលឆ្នាំថ្មីកន្លងទៅនេះ ហើយដែលនេះជាការបាត់បង់ទាហានរុស្ស៉ីក្នុងចំនួនដ៏ច្រើនបំផុត មកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣។

ការទទួលស្គាល់ដ៏កម្រខាងលើរបស់ក្រសួងការពារជាតិរុស្ស៉ី បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកជាតិនិយមរុស្ស៉ី ដែលបានអំពាវនាវឱ្យទីក្រុងមូស្គូ ធ្វើការសងសឹក វិញជាបន្ទាន់។ ទីក្រុងកៀវ ក៏បានអះអាងដែរថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលើទាហានរុស្ស៉ី នៅក្នុងទីក្រុងម៉ាគីអៀវកា (Makiivka) ស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេស កាលពី ថ្ងៃចូលឆ្នាំថ្មី ហើយថាទាហានរុស្ស៉ីរាប់រយនាក់ឯណោះត្រូវបានសម្លាប់។ តែបើតាមក្រសួងការពារជាតិរុស្ស៉ី ទាហានរបស់ខ្លួន ៦៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល ចំនួន៤គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា នេះជាការបាត់បង់ទាហានរុស្ស៉ីក្នុងចំនួនដ៏ច្រើនបំផុត នៅក្នុងសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ដោយឡែក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ អ៊ុយក្រែនបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនរុស្ស៉ី ៣៩គ្រឿង នៅក្នុងយុទ្ធនាការរបស់ ទីក្រុងមូស្គូ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងរដ្ឋធានីកៀវ និងទីក្រុងជាច្រើនទៀត ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក៕