(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទនេះថា មន្ត្រីសុខាភិបាលរបស់រដ្ឋាភិបាលសហភាពអឺរ៉ុប នឹងជួបពិភាក្សាគ្នានៅថ្ងៃពុធ (ទី៤ ខែមករា) លើការឆ្លើយតបសម្របសម្រួល ចំពោះការកើនឡើងនៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសចិន បន្ទាប់ពីកិច្ចចរចាកាលពីខែធ្នូ បានបញ្ចប់ដោយគ្មានការសម្រេចចិត្តលើបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំស្រដៀងគ្នាមួយកាលពីថ្ងៃទី២៩ ខែធ្នូ ដែលធ្វើឡើងតាមអនឡាញ ដែលមានអ្នកចូលរួមតំណាងជាង ១០០នាក់មកពីរដ្ឋាភិបាលសហភាពអឺរ៉ុប ទីភ្នាក់ងារសុខភាពសហភាពអឺរ៉ុប ព្រមទាំងអង្គការសុខភាពពិភពលោក ប្រទេសអ៊ីតាលីបានជំរុញឱ្យប្រទេសអឺរ៉ុបផ្សេងទៀតធ្វើតាមការដឹកនាំរបស់ខ្លួន និងធ្វើតេស្ដអ្នកធ្វើដំណើរមកពីប្រទេសចិន ដែលគ្រោងនឹងលុបចោលការរឹតបន្តឹងការធ្វើដំណើរនៅថ្ងៃទី៨ ខែមករា។

ប៉ុន្តែប្រទេសផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុបដែលមាន២៧ ប្រទេសបាននិយាយថា ពួកគេមើលឃើញថាមិនចាំបាច់ធ្វើដូច្នេះទេ ទោះបីជាការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាតរបស់ខ្លួន ចំពេលមានរលកនៃការឆ្លងថ្មីក៏ដោយ៕