(ម៉ានីល)៖ មន្ត្រីបាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅទូទាំងប្រទេសហ្វីលីពីនបានកើនឡើងដល់ ៥១នាក់ ខណៈដែលអាជ្ញាធរបានចែកចាយកញ្ចប់អាហារដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយជាតិបានឱ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ១៩នាក់ដែលបានបាត់ខ្លួនជាងមួយសប្តាហ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់កណ្តាល និងភាគខាងត្បូង កាលពីចុងសប្តាហ៍បុណ្យណូអែល។

អាកាសធាតុ​អាក្រក់​បាន​វាយប្រហារ​ប្រហារប្រទេស ដោយធ្វើឲ្យមនុស្សជាង ២៧០,០០០នាក់ ត្រូវស្វែងរកទីជម្រកសង្គ្រោះបន្ទាន់ ខណៈដែលភ្លៀងធ្លាក់បានធ្វើឲ្យជន់លិចភូមិជនបទ និងធ្វើឲ្យផ្ទះជាង ៤,៥០០ខ្នងរងការខូចខាត ឬបំផ្លាញ ព្រមទាំងបានបំផ្លាញដំណាំជាង ៧,០០០ហិកតា។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយអ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះកំពុងមានកម្លាំងកាន់តែខ្លាំងនៅពេលដែលពិភពលោកកាន់តែក្តៅ៕