(ប៉េកាំង)៖ ចិន កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានសម្រេចតែងតាំង លោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ក្នុងបរិបទដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្ដារទំនាក់ទំនងទ្វេភាគីឱ្យស្ថិរភាព។

លោក Qin Gang មានអាយុ៥៦ឆ្នាំ នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិន ជំនួសរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ដែលបានដឹកនាំគោលនយោបាយការបទេសចិន អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។ លោក វ៉ាង មានអាយុ ៦៩ឆ្នាំ ត្រូវបានដំឡើងតំណែងជាសមាជិកការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន កាលពីខែតុលា ឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងនៅតែដើរតួនាទីសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់ចិនដដែល។ ព្រមពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានរាយការណ៍ដែរថាលោក វ៉ាង យី លែងជារដ្ឋមន្ត្រីការបរទេសចិនទៀតហើយ ក្រោយការប្រកាសតែងតាំងលោក Qin Gang កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

*តើលោក Qin Gang ជានរណា?

លោក Qin Gang កើតនៅខែមីនា ឆ្នាំ១៩៦៦ នៅក្នុងទីក្រុងធៀនជីន Tianjin។ លោកបានចាប់ផ្ដើមការងារជាបុគ្គលធម្មតា នៅក្នុងការិយាល័យសេវាសម្រាប់បេសកកម្មការទូត ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩២ ហើយពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥ លោក Qin Gang បានចូលបម្រើការឱ្យនាយកដ្ឋានកិច្ចការតំបន់អឺរ៉ុបខាងលិចនៃក្រសួងការបរទេសចិន។ ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៩ ឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ និងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១១ លោក Qin បានបម្រើការនៅស្ថានទូតចិនប្រចាំចក្រភពអង់គ្លេស និងអ៊ែរឡង់ខាងជើង ហើយលោកក៏មាន បទសោធន៍ជាអ្នកនាំពាក្យក្រសួងការបរទេសចិនផងដែរ។

លោក Qin បានក្លាយជាឧបការីរដ្ឋមន្ត្រីការបរទេស និងជាអគ្គនាយកនៃនាយកដ្ឋានពិធីសារពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ និងត្រូវបានដំឡើងតំណែងជាអនុរដ្ឋមន្ត្រីការបរទេសចិន ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ហើយរហូតដល់ខែកក្កដា ឆ្នាំ២០២១ លោកត្រូវបានតែងតាំងជាអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក Qin Gang ក៏ត្រូវបានគេស្គាល់ផងដែរថាជាមនុស្សជំនិតដ៏គួរឱ្យទុកចិត្តម្នាក់របស់លោកប្រធានាធិបតី ស៊ី ជិនពីង ហើយតាមរយៈការតែងតាំងខាងលើ លោក Qin Gang បានក្លាយជារដ្ឋម ន្ត្រីការបរទេសវ័យក្មេងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋប្រជាមានិតចិន៕