(កង់បេរ៉ា)៖ អាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា នៅថ្ងៃចន្ទនេះ ឧទ្ធម្ភាគចក្រ២គ្រឿងបានបុកគ្នានៅលើផ្ទៃអាកាស ក្នុងរដ្ឋគ្វីនលែន (Queensland) ភាគខាងកើតប្រទេស ដែលបានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នារសៀលថ្ងៃចន្ទនេះ នៅក្បែររីសតមួយកន្លែងឈ្មោះថា Sea World ស្ថិតក្នុងទីក្រុងហ្កោល ខូស (Gold Coast)។ ការប៉ះទង្គិចគ្នានោះបានធ្វើឱ្យឧទ្ធម្ភាគចក្រ១គ្រឿង ត្រូវបំផ្លិចបំផ្លាញទាំងស្រុង ហើយធ្លាក់ទៅលើឆ្នេរខ្សាច់។ ចំណែកឯឧទ្ធម្ភាគចក្រ១គ្រឿងទៀត ក៏បានរងការខូចខាតគួរសមផងដែរ ប៉ុន្តែនៅអាចចុះចតបាន។ ជាលទ្ធផល មនុស្ស៤នាក់បានបាត់បង់ជីវិត ខណៈ៣នាក់រងរបួស​ធ្ងន់ និង៦នាក់រងរបួសស្រាល។

គួរបញ្ជាក់ថា អ្នកដែលរងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ឧទ្ធម្ភាគចក្រទាំង២គ្រឿងខាងលើ ទំនងជាកម្មសិទ្ធិ​របស់រីសត Sea World ផ្ទាល់។ ខាងអាជ្ញាធរអូស្រ្តាលី បានឱ្យដឹងថា នាពេលនេះ ពួកគេកំពុងស៉ើបអង្កេតលើ មូលហេតុដែលបង្ក​ឱ្យឧទ្ធម្ភាគចក្របុកគ្នា ខណៈសាក្សីមួយចំនួន បានអះអាងថា មុនពេលកើតហេតុ ឧទ្ធម្ភាគចក្រ១គ្រឿង ហាក់កំពុងតែព្យាយាមហោះឡើង រីឯ១គ្រឿងទៀតកំពុងព្យាយាមចុះចត៕