(ការ៉ាកាស)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា រូបលោកស្ម័គ្រចិត្តធ្វើការឆ្ពោះទៅរកការធ្វើប្រក្រតីកម្ម នៃទំនាក់ទំនងជាមួយអាមេរិក បើទោះបីជាបច្ចុប្បន្នការដាក់ទណ្ឌកម្ម ប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេសលោកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក ម៉ាឌូរ៉ូ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពី ក្រុមគណបក្សប្រឆាំងនៃប្រទេសអាមេរិកខាងត្បូងមួយនេះ បានបោះឆ្នោតរំលាយ «រដ្ឋាភិបាលស្តីទី» ដឹកនាំដោយលោក ហ័ន ហ្កៃដូ (Juan Guaido) ដែលប្រទេសជាច្រើន រួមមានទាំងសហរដ្ឋអាមេរិក បានទទួលស្គាល់ជា មេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡា ក្រោយការបោះឆ្នោតចម្រូងចម្រាសកាលពីឆ្នាំ២០១៨។

ក្នុងបទសម្ភាសន៍ លោក ម៉ាឌូរ៉ូ បាននិយាយដូច្នេះថា «វេណេស៊ុយអេឡាត្រៀមខ្លួនជាស្រេច ដើម្បីបោះជំហានទៅរកដំណើរការ​ នៃការធ្វើប្រក្រតីកម្មនៃទំនាក់ទំនងការទូតនិងនយោបាយ ជាមួយរដ្ឋាភិបាលបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ក៏ដូចជារដ្ឋាភិបាល​អាមេរិកដទៃៗទៀត នាពេលអនាគត។ យើងបានត្រៀមលក្ខណៈសម្រាប់កិច្ចសន្ទនាកម្រិតខ្ពស់បំផុត ហើយខ្ញុំសង្ឃឹមថាអាមេរិក នឹងបោះបង់គោលនយោបាយជ្រុលហួសហេតុរបស់ពួកគេ រួចងាកទៅរកគោលនយោបាយដែលជាក់ស្តែង ជាមួយការគោរពចំពោះវេណេស៊ុយអេឡា»

គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៉ីនតោន កាលពីឆ្នាំ២០១៩ នៅពេលរដ្ឋបាលរបស់​អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ លោក ហ្កៃដូ ជា «ប្រធានាធិបតីស្តីទី» របស់វេណេស៊ុយអេឡា។ ជាការប៉ុនប៉ងបង្ខំឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីអំណាច សហរដ្ឋអាមេរិក នាពេលនោះ ក៏បានដាក់ទណ្ឌកម្ម​ជាច្រើនប្រឆាំងនឹងវេណេស៊ុយអេឡា រួមមានទាំងការដាក់ទណ្ឌកម្មប្រេងផងដែរ។

ទោះបីរដ្ឋាភិបាលប្រធានាធិបតីអាមេរិកសព្វថ្ងៃគឺ លោក ចូ បៃដិន នៅរក្សាគោលការណ៍មិនទទួលស្គាល់ រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ជាផ្លូវការក៏ដោយក្តី កាលពីឆ្នាំមុន ទីក្រុងវ៉ាស៉ីនតោនបានបញ្ជូនប្រតិភូមកកាន់ទីក្រុងការ៉ាកាស ដើម្បីជួបជាមួយលោក ម៉ាឌូរ៉ូ ហើយពិភាក្សាអំពីការដោះដូរអ្នកទោស ក្នុងចំណោមប្រធានបទផ្សេងៗទៀត៕