(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន ណារូហ៉ីតុ (Naruhito) នៅថ្ងៃចន្ទនេះ បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ ដើម្បីថ្លែងសារនិង​ស្វាគមន៍ប្រជាជន នាឱកាសឆ្លងឆ្នាំសកល ដែលជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ព្រះចៅ ណារូហ៉ីតុ បានមានព្រះបន្ទូលប្រាប់មនុស្សប្រាប់ពាន់នាក់ នៅឯព្រះរាជវាំងក្នុងទីក្រុងតូក្យូយ៉ាងដូច្នេះថា «ការឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ បានបង្កផលលំបាកជាខ្លាំងដល់អ្នករាល់គ្នានាពេលកន្លងមកនេះ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអាចមកស្វាគមន៍អ្នកទាំងអស់គ្នា សាជាថ្មីវិញ។ យើងបានឆ្លងកាត់ទុក្ខលំបាកជាច្រើន ប៉ុន្តែខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះ នឹងប្រកបដោយភាពសុខសាន្តហើយល្អប្រសើរសម្រាប់គ្រប់គ្នា ហើយស្របពេលនៃការចាប់ផ្តើមឆ្នាំនេះ ខ្ញុំសូមបួងសួងប្រជាជន​នៅក្នុងប្រទេសជប៉ុនផ្ទាល់ និងនៅទូទាំងពិភពលោក ជួបតែសុភមង្គល»។

បើតាមការិយាល័យរាជវាំងជប៉ុន ព្រះចៅ ណារូហ៉ីតុ ត្រូវបានអមព្រះរាជវត្តមាន ដោយរាជវង្សានុវង្សជប៉ុនដទៃទៀត រួមមានទាំងព្រះមហេសី ម៉ាសាកូ (Masako) និងព្រះបិតាទ្រង់គឺអតីតព្រះចៅអធិរាជ អាគីហ៉ីតុ (Akihito) ដែលបានដាក់រាជ្យកាលពីឆ្នាំ២០១៩។ ចំណែក ព្រះបុត្រីរបស់ទ្រង់គឺ ព្រះនាង អៃកុ (Aiko) ដែលមានព្រះជន្ម២១ព្រះវស្សា ក៏បានចូលរួមបង្ហាញព្រះរាជវត្តមាន ជាលើកដំបូងផងដែរ។ មនុស្សសរុបប្រហែល៩,៦០០នាក់ ត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោត ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីលើកនេះ ខណៈជាទូទៅមនុស្សរហូតដល់រាប់ម៉ឺននាក់ឯណោះ ត្រូវបានអនុញ្ញាតឱ្យចូលរួម។

គួរបញ្ជាក់ថា ជប៉ុនបានជួបប្រទះរលកឆ្លងរាលដាលកូវីដ១៩ ជាលើកទី៨របស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលករណីឆ្លង​ប្រចាំថ្ងៃ បានកើនលើស១០០,០០០នាក់។ បើតាមគិតចាប់តាំងពីកូវីដផ្ទុះឡើងដំបូង ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងសរុបប្រហែល ៣០លាននាក់ ក្នុងនោះករណីស្លាប់ជិត៦០,០០០នាក់។ ជប៉ុនបានលុបចោលការរឹតត្បិតភាគច្រើន លើអ្នកដំណើរមកពីក្រៅប្រទេស កាលពីខែតុលា ឆ្នាំដដែល៕