(ប្រាស៊ីលីយ៉ា)៖ មេដឹកនាំឆ្វេងនិយម លោក ល្វីស អ៉ីណាត្យូ លូឡា ដាស៊ីលវ៉ា (Luiz Inacio “Lula” da Silva) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការសន្យាថាលោកកសាងប្រទេសជាតិឡើងវិញជាមួយប្រជាជន។

ពិធិស្បថចូលកាន់តំណែងបានធ្វើឡើងនៅឯសភាជាតិ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការព្រមានពីការប្រើអំពើហិង្សាពីសំណាក់អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។ ថ្លែងនៅចំពោះមុខសមាជិកសភាប្រេស៊ីល លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «សាររបស់យើងទៅកាន់ប្រទេសប្រេស៊ីល គឺជាក្ដីសង្ឃឹម មួយ និងការកសាងប្រទេសឡើងវិញ»។ លោកបន្ថែមថាមូលដ្ឋានគ្រឹះនៃសិទ្ធិ អធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រេស៊ីល ត្រូវបានបំផ្លាញជាលក្ខណៈប្រព័ន្ធកាលពី ប៉ុន្មានឆ្នាំកន្លងទៅ នេះ ហើយលោក លូឡាផ្ទាល់ក៏បានសន្យាដែរថានឹងប្រឹងប្រែស្ដារជីវភាពរស់នៅរបស់ប្រជាជនប្រេស៊ីលក្រីក្រ ព្រមទាំងលើកកម្ពស់សមភាពជាតិសាសន៍ និងយែនឌ័រ។

លោក លូឡា បានទទួលជ័យជម្នះលើលោក បុលសូណារ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២ ហើយបើតាមអាជ្ញាធរៀបចំការបោះឆ្នោតរបស់ប្រេស៊ីល លោក លូឡា ទទួលបានសំឡេងគាំទ្រ ៥០.៨ភាគរយ ខណៈលោក បុលសូណារ៉ូ ទទួលបានសំឡេងគាំទ្រ ៤៩.២ភាគរយ។

*លោក លូឡា ជានរណា?

លោក លូឡា ដា ស៊ីលវ៉ា ឬមានឈ្មោះពេញថា ល្វីស អ៉ីណាត្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio ‘Lula’ da Silva) កើតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៤៥ ក្នុងទីក្រុងហ្ការ៉ាន់ហាន់ (Garanhuns) នៃរដ្ឋភឺណាំប៊ូកូ (Pernambuco)។ លោកជាកូនទី៧ នៅក្នុងគ្រួសារក្រីក្រមួយដែលមានកូន៨នាក់ ហើយធ្លាប់ធ្វើជាអ្នកខាត់ស្បែកជើង និងកម្មកររោងចក្រ។ មុននឹងប្រឡូកចូល ឆាកនយោបាយ លោក លូឡា បានដឹកនាំចលនាសហជីពជាច្រើន ហើយរហូតដល់ឆ្នាំ១៩៨៦ ទើបរូបលោកជាប់ឆ្នោតជាសមាជិកសភាប្រេស៊ីល។

នៅឆ្នាំ១៩៨៩ លោក លូឡា បានចូលរួមឈរឈ្មោះជាបេក្ខជនប្រធានាធិបតីប្រេស៊ីល តំណាងឱ្យគណបក្សពលករ តែលោកបានទទួលបរាជ័យ។ នៅអំឡុង ទសវត្សរ៍ឆ្នាំ១៩៩០ លោក បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី តែនៅតែទទួលបរាជ័យដដែល។ រហូតដល់ឆ្នាំ២០០៣ ទើបលោក លូឡា ជាប់ឆ្នោតជាប្រធានាធិបតី ប្រេស៊ីល ហើយលោកកាន់តំណែងនេះបាន ២អាណតិ្ត គឺពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០។ ប៉ុន្តែ ក្នុងឆ្នាំ២០១៨ លោក លូឡា ត្រូវបានគេផ្ដន្ទាទោសដាក់ពន្ធនាគារពីបទពុករលួយ ដែលលោកផ្ទាល់បានច្រានចោល និងចាត់ទុកថាមានចេតនានយោបាយ។ នៅចុងឆ្នាំ២០១៩ ទោសរបស់លោកបានផុតរលត់​ ហើយក្នុងឆ្នាំ២០២១ ទើបតុលាការកំពូលប្រេស៊ីល លុបចោលសាលក្រមប្រឆាំងនឹងលោក លូឡា ជាផ្លូវការ៕