(ប្រាស៊ីលីយ៉ា)៖ មេដឹកនាំឆ្វេងនិយម លោក ល្វីស អ៉ីណាត្យូ លូឡា ដាស៊ីលវ៉ា (Luiz Inacio “Lula” da Silva) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ជាមួយការសន្យាថាលោកកសាងប្រទេសជាតិឡើងវិញជាមួយប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ពិធិស្បថចូលកាន់តំណែងបានធ្វើឡើងនៅឯសភាជាតិ នៅក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង បន្ទាប់ពីការព្រមានពីការប្រើអំពើហិង្សាពីសំណាក់អតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀ បុលសូណារ៉ូ (Jair Bolsonaro)។ ថ្លែងនៅចំពោះមុខសមាជិកសភាប្រេស៊ីល លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «សាររបស់យើងទៅកាន់ប្រទេសប្រេស៊ីល គឺជាក្ដីសង្ឃឹម មួយ និងការកសាងប្រទេសឡើងវិញ»។ លោកបន្ថែមថាមូលដ្ឋានគ្រឹះនៃសិទ្ធិ អធិបតេយ្យ និងការអភិវឌ្ឍរបស់ប្រេស៊ីល ត្រូវបានបំផ្លាញជាលក្ខណៈប្រព័ន្ធកាលពីប៉ុន្មានឆ្នាំកន្លងទៅ នេះ ហើយលោក លូឡាផ្ទាល់ក៏បានសន្យាដែរថានឹងប្រឹងប្រែស្ដារជីវភាពរស់នៅរបស់ប្រជាជនប្រេស៊ីលក្រីក្រ ព្រមទាំងលើកកម្ពស់សមភាពជាតិសាសន៍ និងយែនឌ័រ។

គួរបញ្ជាក់ថា​​ លោក លូឡា បានទទួលជ័យជម្នះលើលោក បុលសូណារ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែតុលា ឆ្នាំ២០២២។ លោក លូឡា ធ្លាប់បានកាន់តំណែងជា ប្រធានាធិបតីប្រេស៊ីលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០៕