(កៀវ)៖ កងកម្លាំងអ៊ុយក្រែន បានបាញ់ផ្លោងក្នុងថ្ងៃចូលឆ្នាំថ្មី លើទីក្រុង ម៉ាគីអ៉ីវកា (Makiivka) និងតំបន់ជាច្រើនដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ នៅក្នុងតំបន់ ដូណេត ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើតាមក្រុមមន្ត្រីរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ក្រុមមន្ត្រីលើកបន្ដុបដោយរុស្ស៉ី នៅក្នុងតំបន់ដូណេត បានឱ្យដឹងថាកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ មានការវាយប្រហារដោយគ្រាប់រ៉ុក្កែតយ៉ាងហោច២៥គ្រាប់ លើតំបន់ ដែលខ្លួនកំពុងគ្រប់គ្រង មានទាំងទីបញ្ជាការយោធាមួយ នៅយប់ថ្ងៃឆ្នាំសកល២០២៣។ ចំណែកឯ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថាមនុស្សយ៉ាងហោច ១៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយប្រើប្រព័ន្ធមីស៊ីល HIMARS លើទីក្រុង ម៉ាគីអ៉ីវកា (Makiivka)។

ក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីលម្អិតនោះទេឆ្លើយតបទៅនឹងការសាកសួរពីអ្នកសារព័ត៌មាន ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ពីតួលេខអ្នកស្លាប់ នោះដែរ។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាខ្លួនបានបំផ្លាញប្រព័ន្ធមីស៊ីល HIMARS ចំនួន៧គ្រឿង ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលនេះនៅក្នុងទីក្រុង Makiivka ផងដែរ៕