(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បាននិយាយនៅថ្ងៃចន្ទនេះថា រុស្ស៉ីបានបើកការវាយប្រហារដោយប្រើប្រាស់យន្ដហោះដ្រូនជាបន្តបន្ទាប់ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងរដ្ឋធានី កៀវ និងតំបន់នៅជុំវិញ ដែលនេះជាការវាយប្រហារថ្ងៃទី២ជាប់គ្នាៗ បន្ទាប់ពីការបាញ់ស្រោចមីស៊ីលលើរដ្ឋធានីមួយនេះកាលពីថ្ងៃឆ្លងឆ្នាំថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសារបង្ហោះលើបណ្ដាទំនាក់ទំនងសង្គម Telegram អភិបាលរដ្ឋធានីកៀវ លោក អូឡិចស៊ី គូលេបា (Oleksiy Kuleba) បានគូសបញ្ជាក់ដូច្នេះថា «មានសំឡេងផ្ទុះយ៉ាងខ្លាំង នៅក្នុងរដ្ឋធានី និងតំបន់នៅជុំវិញ ដោយការវាយប្រហារពីយន្ដហោះដ្រូនសាហ៊ីដ (Shahed, ផលិតដោយអ៉ីរ៉ង់) ពីសំណាក់រុស្ស៉ី ដែលមានគោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»

ដោយឡែក បើតាមយោធាអ៊ុយក្រែន នៅត្រឹមម៉ោង៣ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន ១៦គ្រឿង នៅលើដែនអាកាស នៃរដ្ឋធានីកៀវ ខណៈស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងឡើងក្នុងរយៈពេលជាង៣ម៉ោង ហើយបំណែកយន្ដហោះដ្រូបដែលត្រូវបានបាញ់ទម្លាក់បានធ្លាប់នៅ ភាគឦសាននៃ រដ្ឋធានីដោយបណ្ដាលឱ្យមនុស្សម្នាក់រងរបួស។ ​

បន្ថែមពីលើនេះ យោធាអ៊ុយក្រែនប្រចាំតំបន់ភាគខាងកើតនៃប្រទេស ក៏បានអះអាងផងដែរថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់ Shahed ចំនួន ៩គ្រឿង នៅលើដែនអាកាសនៃតំបន់ ឌីនីប្រូប៉េត្រូវស្កិ៍ (Dnipropetrovsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅព្រឹកព្រលឹមថ្ងៃចន្ទនេះ៕