(សេអ៊ូល)៖ កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាពីផែនការ និងការធ្វើសមយុទ្ធរួមគ្នាពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរអាមេរិក នៅចំពោះមុខការកើនឡើង នៃការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលពីសំណាក់កូរ៉េខាងជើង។ នេះជាការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយុល (Yoon Suk-yeol) ត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន ឆូសាន់ អ៉ីលបូ (Chosun Ilbo) នៅថ្ងៃចន្ទនេះ។ ដោយផ្អែកលើសម្ដីលោក យូន សារព័ត៌មាន ឆូសាន់ អ៉ីលបូ បានឱ្យដឹងថាផែនការ និងការធ្វើសមយុទ្ធរួមគ្នាគឺគោលដៅពង្រឹងសមត្ថភាពកំញើញរបស់កងកម្លាំង នុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ប៉ុន្តែ ការរៀបចំផែនការ ការចែករំលែកព័ត៌មាន និងការបណ្ដុះបណ្ដាល គួតែធ្វើឡើងរួមគ្នាដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។ លោក យូន បន្ថែមថាខាងសហរដ្ឋអាមេរិក មើលទៅក៏មានជំហរវិជ្ជមានចំពោះគំនិតនេះដែរ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក យូន កើតមានឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បទបញ្ជាឱ្យមាន ការអភិវឌ្ឍមីស៉ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ថ្មីៗបន្ថែមទៀត ព្រមទាំងបង្កើនចំនួនអាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើនជាងមុន ដើម្បីទប់ទល់ការគំរាមកំហែងដែលដឹកនាំដោយ​សហរដ្ឋអាមេរិក ចំពោះមុខការកើនឡើងនៃភាពតានតឹង នៅឧបទ្វីបកូរ៉េ។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយថា ស្ថានការណ៍តានតឹងនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយការគំរាមកំហែងផ្នែកយោធា ពីសំណាក់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺស្តែងឱ្យឃើញពីសារសំខាន់និងភាពចាំបាច់ ក្នុងការពង្រឹងឱ្យបានខ្លាំងលើសលប់ នូវ​សាច់ដុំយោធារបស់កូរ៉េខាងជើង តាមរយៈការផលិតអាវុធនុយក្លេអ៊ែរតាក់ទិចទ្រង់ទ្រាយធំ ព្រមទាំងការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានច្រើនបំផុត។ បើតាមលោក គីម រឿងទាំងនេះនឹងក្លាយជាអាទិភាពចម្បង នៃយុទ្ធសាស្រ្តនុយក្លេអ៊ែរ និងការពារជាតិឆ្នាំ២០២៣៕