(ដាម៉ាស)៖ យោធាស៉ីរី បាន​​​​​ឱ្យដឹងថាការវាយប្រហារឆ្មក់តាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល បានសម្លាប់ទាហានស៉ីរីយ៉ាងហោច២នាក់ និងបង្ខំឱ្យអាជ្ញាធរបិទអាកាសយានដ្ឋាន អន្តរជាតិដ៏សំខាន់បំផុតនៅក្នុងប្រទេសជាបណ្ដោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

បើតាមយោធាស៉ីរីនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA ការវាយប្រហារតាមផ្លូវអាកាសខាងលើរបស់ អ៉ីស្រាអែល គឺមានគោលដៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងដាម៉ាស និងតំបន់នៅជុំវិញ នៅម៉ោងប្រហែលជា ២ រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទនេះ។ សេចក្ដីថ្លែងការណ៍ ដដែលបន្ថែមទៀតថា ការវាយប្រហារនេះបានសម្លាប់ទាហាន២នាក់ និង២នាក់ផ្សេងទៀតរងរបួស ក៏ដូចជាបង្កការខាតខាតមួយចំនួន ហើយបង្ខំឱ្យអជ្ញាធរបិទអាកាសយានដ្ឋាន អន្តរជាតិទីក្រុងដាម៉ាស ជាបណ្ដោះអាសន្ន។

ក៏ប៉ុន្តែ ភ្លាមៗ អ៉ីស្រាអែលមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ យោធាស៉ីរីក៏បានចោទប្រកាន់ផងដែរថាអ៉ីស្រាអែលបានបើក ការវាយប្រហារតាមផ្លូវអាកាសលើអាកាសយានដ្ឋាន អន្តរជាតិទីក្រុងដាម៉ាស ដោយបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃអាកាសយានដ្ឋាននេះ ដែលបានបើកដំណើរការ ឡើងវិញ ២សប្ដាហ៍ក្រោយការជួសជុលនៅពេលនោះ៕