(ក្រុងកៀវ)៖ កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន ៤៥គ្រឿងពេញមួយយប់កន្លងទៅ ខណៈដែលប្រទេសនានាទទួលស្វាគមន៍ឆ្នាំសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣។

នៅក្នុងការវាយប្រហារនៅថ្ងៃចូលឆ្នាំសកល ទីក្រុងមូស្គូបានវាយប្រហារទីក្រុងកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើក Shahed ចំនួន ៤៥គ្រឿង ក្នុងនោះ ១៣គ្រឿងត្រូវបានបាញ់ទម្លាក់នៅចុងឆ្នាំ២០២២ និង៣២គ្រឿងទៀតនៅក្នុងឆ្នាំថ្មីនេះ។

គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង នៅពេលដែលការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែនបានឈានចូលដល់ខែទី១១ ហើយ។
បន្ទាប់ពីការបរាជ័យផ្នែកយោធាជាបន្តបន្ទាប់ រុស្ស៊ីបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែនក្នុងខែតុលា ដោយធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពត្រជាក់ និងងងឹត៕