(ប៉េកាំង)៖ ប្រទេសចិនបានតែងតាំង លោក Qin Gang ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក និងជាជំនួយការដ៏គួរឱ្យទុកចិត្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន ខណៈដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនស្វែងរកស្ថេរភាពទំនាក់ទំនងដ៏រឹងមាំ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣។

លោក Qin វ័យ ៥៦ឆ្នាំ នឹងជំនួសលោក Wang Yi ដែលជារដ្ឋមន្ត្រីការបរទេសចិន អស់រយៈពេលមួយទសវត្សរ៍កន្លងមក។ លោក Wang វ័យ ៦៩ឆ្នាំ ត្រូវបានតែងតាំងក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពល នៃបក្សកុម្មុយនិស្តចិន ហើយត្រូវបានគេរំពឹងថា នឹងដើរតួនាទីកាន់តែធំនៅក្នុងគោលនយោបាយការបរទេសរបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន និងជាឧបការីរដ្ឋមន្ត្រីការបរទេស លោកស្រី Hua Chunying បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ថា «សូមអបអរសាទរចំពោះ ឯកឧត្តម Qin Gang សម្រាប់ការតែងតាំងជារដ្ឋមន្ត្រីការបរទេសចិនថ្មី! ទន្ទឹងរង់ចាំជំពូកថ្មីដ៏អស្ចារ្យមួយ នៅក្នុងផ្នែកការទូតរបស់ប្រទេសចិន»

សេចក្តីប្រកាសនេះបានកើតឡើងជារឿងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលរដ្ឋបាលថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី គ្រោងនឹងចូលកាន់តំណែងក្នុងអំឡុងពេលសម័យប្រជុំសភាប្រចាំឆ្នាំ ដែលចាប់ផ្តើមនៅថ្ងៃទី ៥ ខែមីនា ឆ្នាំក្រោយឯណោះ។

គណៈរដ្ឋមន្ត្រីកណ្តាលថ្មី ក្រុមប្រឹក្សារដ្ឋ នឹងជំនួសគណៈរដ្ឋមន្ត្រីកណ្តាលបច្ចុប្បន្ន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Li Keqiang ក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ របស់សភាប្រជាជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែមីនា។

មន្ត្រីជាន់ខ្ពស់ និងរដ្ឋមន្ត្រីទាំងអស់ ដោយលើកលែងតែប្រធានាធិបតី លោក ស៊ី ជិនពីង ម្នាក់គត់ នឹងត្រូវផ្លាស់ប្តូរក្នុងសម័យប្រជុំសភាខាងលើ។

គួរបញ្ជាក់ថា លោក Qin Gang ដែលពីមុនធ្លាប់ជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស រហូតដល់ទទួលបានតំណែងជាអនុរដ្ឋមន្ត្រី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ លោក ស៊ី ជិនពីង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានអមដំណើរលោក ក្នុងដំណើរទស្សនកិច្ចអន្តរជាតិទាំងអស់៕