(ប៉េកាំង)៖ យោធានៃប្រទេសចិននៅថ្ងៃអាទិត្យនេះ បានចេញមុខលើកឡើងថា យន្តហោះយោធាអាមេរិកមួយគ្រឿង ដែលពាក់ព័ន្ធក្នុង​ហេតុការណ៍ប្រឈមមុខគ្នាជាមួយយន្តហោះយោធាចិន នៅតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ កាលពីសប្តាហ៍មុន គឺបានបំពានច្បាប់អន្តរជាតិ ហើយបង្កហានិភ័យចំពោះសុវត្ថិភាពរបស់ពីឡុតចិន នាពេលនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធាអាមេរិកបានអះអាងថា យន្តហោះចម្បាំងធុន J-11 ១គ្រឿងរបស់កងទ័ពជើងទឹកចិន បានហោះមកកៀកជាខ្លាំង គឺត្រឹម៣ម៉ែត្រប៉ុណ្ណោះ ពីយន្តហោះឈ្លបការណ៍ធុន RC-135 របស់កងទ័ពអាកាសអាមេរិក និងបង្ខំឱ្យយន្តហោះយោធាអាមេរិកត្រូវងាកចេញ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។ ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

យ៉ាងណាក្តី លោក ធាន ជុនលី (Tian Junli) អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងត្បូងរបស់យោធាចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបាននិយាយបំភ្លៃការពិត ជាហេតុនាំឱ្យសាធារណជនយល់ច្រឡំអំពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្បែរទីប្រជុំកោះប៉ារ៉ាសែល (Paracel) នៃតំបន់សមុទ្រចិនខាងត្បូង។

លោក ជុនលី បាននិយាយថា យន្តហោះយោធាអាមេរិក បានបំពានច្បាប់អន្តរជាតិ មិនអើពើចំពោះការព្រមានជាច្រើនលើករបស់ចិន ហើយធ្វើសកម្មភាពដែលគំរាមកំហែងដល់ សុវត្ថិភាពនៃយន្តហោះយោធារបស់ចិន។ អ្នកនាំពាក្យរូបនេះ បានបន្តថា ភាគីអាមេរិកបានបំភ្លៃការពិតដោយចេតនា ដើម្បីព្យាយាមបង្កការយល់ច្រឡំ ក្នុងចំណោមសាធារណជនអន្តរជាតិ។ ជាចុងក្រោយ លោក ជុនលី បានអំពាវនាវឱ្យទីក្រុងវ៉ាស៉ីនតោន ធ្វើសកម្មភាពកងកម្លាំងជើងទឹកនិងជើងអាកាសជួរមុខរបស់ខ្លួន ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពឱ្យខ្ជាប់ខ្ជួន ចំពោះច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីបញ្ចៀសការកើតមានឧបទ្ទវហេតុ នៅលើផ្ទៃសមុទ្រ និងលើផ្ទៃអាកាស។

គួរបញ្ជាក់ថា អាមេរិកមិនមែនជាគូវិវាទនៅសមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែជារឿយៗបានបញ្ជូននាវាក៏ដូចជាយន្តហោះយោធា មកកាន់តំបន់សមុទ្រនេះ ក្នុងបេសកកម្មដែលខ្លួនហៅថា សេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរ៕