(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា វាមានសារៈសំខាន់ណាស់ដើម្បីកែលម្អប្រព័ន្ធការពារធនធានព័ត៌មានទូទៅ នៃប្រទេសរុស្ស៊ី និងបេឡារុស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន បាននិយាយ ក្នុងជំនួបជាមួយរដ្ឋលេខាធិការនៃរដ្ឋសហភាពរុស្ស៉ី-បេឡារុស លោក ឌីមីទ្រី មេស៉ិនសេវ (Dmitry Mezentsev) យ៉ាងដូច្នេះថា «ការកែលម្អប្រព័ន្ធការពារធនធានព័ត៌មានទូទៅ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្ថានភាពបច្ចុប្បន្ន»។

លោក មេស៉ិនសេវ បានប្រាប់លោក ពូទីន ថា សេចក្តីព្រាងរបស់ក្រុមប្រឹក្សារដ្ឋស្តីពីសន្តិសុខតាមអ៊ីនធឺណិត របស់រដ្ឋសហភាព ត្រូវបានបញ្ជូនទៅកាន់នាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីកាអែល មីស៊ូស្ទីន (Mikhail Mishustin) កាលពីប៉ុន្មានថ្ងៃមុននេះ។ ហើយលោកនឹងស្នើដល់មេដឹកនាំរុស្ស៊ី និងបេឡារុស អនុម័តឯកសារនេះនៅក្នុងកិច្ចប្រជុំមួយ ដែលនឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០២៣។

គួរបញ្ជាក់ថា បើតាមលោក មេស៉ិនសេវ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងស្នើឲ្យមានការបណ្តុះបណ្តាលបុគ្គលិកផ្នែកសន្តិសុខតាមអ៊ីនធឺណិត ដែលនៅមិនទាន់មានចំណេះដឹងគ្រប់គ្រាន់ លើកម្មវិធីនៅក្នុងវិស័យព័ត៌មានវិទ្យា៕