(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ថាជំនួយរាប់ពាន់លានដុល្លារ ដែលសភាអាមេរិកអនុម័តផ្ដល់ឱ្យប្រទេសរបស់លោកដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី មិនមែនជាជំនួយសប្បុរសធម៌នោះទេ ប៉ុន្តែជាការវិនិយោគមួយ នៅក្នុងសន្តិសុខសកល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងពេលថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក នាឱកាសបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាដំណើរនៅក្រៅ ប្រទេសជាលើកដំបូងបំផុត ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «លុយរបស់អ្នកមិនមែនជាជំនួយ សប្បុរសធម៌​នោះទេ ប៉ុន្តែវាជាការវិនិយោគមួយដើម្បីសន្តិសុខសកល និងប្រជាធិបតេយ្យ»។

គួរបញ្ជាក់ថា នៅចំពោះមុខសភាអាមេរិក លោក ហ្សេលេនស្គី ក៏បានរំឮកឡើងវិញផងដែរថាកិច្ចចរចាសន្តិភាពជាមួយរុស្ស៉ី មិនអាចជាការសម្រុះសម្រួលពាក់ព័ន្ធនឹង អធិបតេយ្យ និងបូរណភាពទឹកដីអ៊ុយក្រែនជាដាច់ខាត ជាមួយការសង្កត់ធ្ងន់ថាអ៊ុយក្រែននឹងមិនចុះចាញ់ ឬចុះញ៉មនោះទេ តែក៏សង្ឃឹមដែរថាគណបក្សទាំង២ របស់ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន៕