(បាងកក)៖ អាជ្ញាធរថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានថៃបានប៉ះទង្គិចគ្នាជាមួយជនសង្ស័យរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ព្រៃមួយនៅភាគខាងជើងក្បែរព្រំដែនមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្ស ១៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២។

ទាហាន​ថៃបាន​ជួប​ក្រុម​ជនសង្ស័យ ​ដែល​កាន់​កាបូបស្ពាយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ហើយ​បាន​បញ្ជា​ឱ្យ​ឈប់ ប៉ុន្តែ​ពួកគេមិនព្រមឈប់ទេ ថែមទាំំង​បានបើកប្រតិបត្តិការប្រយុទ្ធជាមួយអាជ្ញាធរទៀតផង។​ នេះ​បើ​យោង​តា​អង្គភាព​យោធា​ទទួល​បន្ទុក​សន្តិសុខ​នៅ​ខេត្ត​ ជាប់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​ថៃ។

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើង​រយៈពេល ១០នាទី​បាន​ផ្ទុះឡើង។ អាជ្ញាធរបាននិយាយថា មិនមានទាហានណាម្នាក់រងរបួសនោះទេ ប៉ុន្តែនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅពេលដែលយោធាត្រឡប់ទៅត្រួតពិនិត្យទីតាំងក្នុងស្រុក Phang ខេត្ត Chiang Mai ពួកគេបានរកឃើញអ្នករត់ពន្ធចំនួន ១៥នាក់បានស្លាប់ និងកាបូបស្ពាយចំនួន២៩ ដាក់ពេញដោយថ្នាំញៀនប្រភេទមេតំហ្វេតាមីន។

ការស៊ើបអង្កេតកំពុងដំណើរការនៅឡើយទេថា តើជនសង្ស័យបាននាំយកថ្នាំញៀនប្រភេទមេតំហ្វេតាមីនពីប្រទេសមីយ៉ាន់ម៉ាឬយ៉ាងណា។ វាជា​ផ្លូវ​រត់ពន្ធ​គ្រឿងញៀន​ជារើយៗ​ ចូលមក​ប្រទេស​ថៃ។ ចំពោះចំនួនពិតប្រាកដនៃថ្នាំញៀន ដែលរឹបអូសបានក៏មិនទាន់អាចដឹងបានភ្លាមៗដែរ៕