(ប៉េកាំង)៖ នៅប្រទេសចិន ពេលនិយាយដល់ប្រទេសអារ៉ាប់ ក៏អាចផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតល្មួតបានដែរ។ រឿងអក្សរសិល្ប៍របស់អារ៉ាប់ «The Arabian Nights» មានឈ្មោះល្បីរន្ទឺនៅក្នុងប្រទេសចិន។ បើរំលឹកឡើងវិញពីដំណើរប្រាស្រ័យទាក់ទងរវាងចិននិងអារ៉ាប់ ជាងពីរពាន់ឆ្នាំកន្លងមក មិនថាស្នូរកណ្តឹងសត្វអូដ្ឋនិងខ្លុយ Qiang បានលាន់ឮនៅលើផ្លូវសូត្របុរាណ ឬក៏ការរួមសុខរួមទុក្ខ ដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ ប្រជាជាតិឡើងវិញរហូតដល់សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ព្រមនិងការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះលើផ្ទៃអន្តរជាតិក៏ដោយ ក៏ភាគីទាំងពីរបានប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ជំនឿទុកចិត្តនិងការគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណើរទាំងស្រុងជាប់រហូត។

មុនពេលបើកធ្វើការប្រកួតកីឡាបាល់ទាត់ពានពិភពលោកកាតាឆ្នាំ ២០២២ កម្លាំងនយោបាយមួយចំនួនរបស់បស្ចិមប្រទេស បានឃោសនាបំប៉ោងពីអ្វីដែលហៅថា «ការធ្វើពហិការផែ្នកការទូត» ក្រោមលេស «សិទ្ធិមនុស្ស»។ ប្រទេសចិនបានផ្តល់ការគាំទ្រ ផែ្នកនយោបាយយ៉ាងមុតមាំដល់កាតា ក៏ដូចជាឆ្លងតាមរយៈមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីគាំទ្រកាតាក្នុងការរៀបចំ ការប្រកួតបាល់ទាត់ពានពិភពលោក ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះ ការធ្វើឱ្យការប្រកួតកីឡាក្លាយទៅជាបញ្ហានយោបាយ។

គួររំលឹកថា បើនិយាយចំពោះចិននិងអារ៉ាប់ ការគាំទ្រគ្នាផ្នែកនយោបាយ មិនដែលអវត្តមានឡើយ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានរៀបចំតាមពេលកំណត់។ ខណៈពេលដែលប្រទេសភាគតិច បានឃោសនាបំប៉ោងពី ការធ្វើពហិការចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនដូចជា អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម កាតាជាដើមបានមកដល់ប្រទេសចិន ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក៏ដូចជាបានសម្តែងការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិន តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។

កាលពីខែសីហា ឆ្នាំ ២០២២ លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់។ ប្រទេសអារ៉ាប់ចំនួន ២២ ទាំងអស់បានរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ ក្នុងនោះ មានរដ្ឋាភិបាលនៃប្រទេសចំនួន ១៨ បានបញ្ចេញសំឡេងជាសាធារណៈ ដើម្បីគាំទ្រប្រទេសចិន។

គិតរហូតដល់បច្ចុប្បន្ននេះប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រឬទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសអារ៉ាប់ចំនួន ១២ ព្រមនិងសម្ព័ន្ធអារ៉ាប់។ «ជំនឿទុកចិត្តបែបនេះ គឺមិនអាចបំបែកបំបាក់បានទេ ហើយក៏មិនអាចប្រើលុយមកទិញបាននោះដែរ»។ ពាក្យសម្តីនេះដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងពេលថ្លែងសុន្ទរកថានៅ ឯទីស្នាក់ការទូទៅរបស់សម្ព័ន្ធអារ៉ាប់កាលពីខែមករា ឆ្នាំ២០១៦ បានបង្ហាញពីអត្ថន័យពិតនៃចំណងមិត្តភាព រវាងចិននិងអារ៉ាប់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិននិងសម្ព័ន្ធអារ៉ាប់បានរក្សា ការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធដែលបង្ហាញពី ភាពរស់រវើកនៃចំណងមិត្តភាពរវាងចិននិងអារ៉ាប់ ដែលបានឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ។

ប្រទេសចិននិងអារ៉ាប់យល់ដឹងពីគ្នា និងរាប់អានជាមួយគ្នាដោយមកពីផ្លូវសូត្រ ដើមឡើយគឺជាដៃគូសហប្រតិបត្តិការ ក្នុងការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសអារ៉ាប់ចំនួន២០ ព្រមនិងសម្ព័ន្ធអារ៉ាប់។

នាពេលបច្ចុប្បន្ននេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសអារ៉ាប់ដូចជា «យុទ្ធសាស្ត្រថាមពលចម្រុះជានិរន្តរភាពឆ្នាំ ២០៣៥» របស់អេហ្ស៊ីប «ទស្សនទានឆ្នាំ ២០៣០» របស់អារ៉ាប៊ីសាអូឌីតនិង «ទស្សនទានជាតិឆ្នាំ ២០៣០» របស់កាតាជាដើម សុទ្ធតែបានផ្សារភ្ជាប់គ្នាយ៉ាងស៊ីជម្រៅជាមួយ នឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ចិន។ ប្រការនេះមានន័យថា កិច្ចសហប្រតិបត្តិការរវាងចិននិងអារ៉ាប់មិនត្រឹមតែ មានប្រវត្តិសាស្ត្រពណ៌ចម្រុះនិងបច្ចុប្បន្នភាពដ៏រស់រវើកប៉ុណ្ណោះទេ ថែមទាំងក៏មានអនាគតដែលគួរជាទីរំពឹងទុកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន