(ព្រុចសែល)៖ រដ្ឋមន្រ្តីមហាផ្ទៃនៃប្រទេសអូទ្រីស លោក ហ្កឺហាដ ខាណឺ (Gerhard Karner) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកនឹងវេតូប្រឆាំងមិនឱ្យសមាជិកសហភាពអឺរ៉ុប គឺរ៉ូម៉ានីនិងប៊ុលហ្ការី ចូលរួមក្នុងតំបន់ ឆ្នេនហ្កិន (Schengen) ដែលមិនទាមទារទិដ្ឋាការឬលិខិតឆ្លងដែន សម្រាប់ការធ្វើដំណើរនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

លោក ខាណឺ បានប្រកាសដូចខាងលើ ស្របពេលដែលលោកត្រូវចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីមហាផ្ទៃនៃក្រុមប្រទេសសហភាពអឹរ៉ុប នៅឯទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក។ កិច្ចប្រជុំនេះត្រូវគេរំពឹងថា នឹងផ្តល់ការអនុម័តចំពោះការចូលរួមរបស់ក្រូអាតស៉ី ក្នុងតំប​ន់ Schengen ដែលបច្ចុប្បន្នលាតសន្ធឹងលើប្រទេសចំនួន២២ ក្នុងចំណោមប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបសរុបចំនួន២៧ ហើយបូករួមជាមួយស្វីស ន័រវែស លិចតិនស្តាញ និងអ៉ីស្លង់។

គួរបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាខាងលើ រដ្ឋមន្រ្តីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី ណាន់ស៉ី ហ្វេសឺ (Nancy Faeser) បានលើកឡើងថា ទីក្រុងបែរឡាំងគាំទ្រចំពោះក្រូអាស៉ី រ៉ូម៉ានី និងប៊ុលហ្ការី ក្នុងការចូលរួមជាមួយតំបន់ Schenegen ហើយលោកស្រីមិនយល់អំពី គោលជំហរជំទាស់របស់អូទ្រីស ចំពោះការពង្រីកតំបន់គ្មានលិខិតឆ្លងដែននេះឡើយ៕