(ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនវិស័យការពារជាតិរបស់សហរដ្ឋអាមេរិកនិងរុស្ស៉ី បានតាំងបង្ហាញសព្វាវុធទំនើបៗ ព្រមទាំងផ្សព្វផ្សាយអំពីម៉ូដែលយន្តហោះថ្មីៗ នៅឯព្រឹត្តិការណ៍ពិព័រណ៍សព្វាវុធទ្រង់ទ្រាយធំ លើកដំបូងបំផុតរបស់វៀតណាម ខណៈប្រទេសកំពូលៗទាំងពីរកំពុងប្រឡងប្រណាំងគ្នា ដើម្បីដណ្តើមឥទ្ធិពលនិងការលក់អាវុធ នៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

ការតាំងពិព័រណ៍សព្វាវុធខាងលើ ដែលប្រព្រឹត្តទៅនៅមូលដ្ឋានកងទ័ពអាកាសមួយកន្លែង ក្នុងរដ្ឋធានីហាណូយរបស់វៀតណាម បានទាក់ទាញក្រុមហ៊ុនវិស័យការពារជាតិសរុប ១៧៤ក្រុមហ៊ុន មកពី៣០ប្រទេសឱ្យចូលរួម ដោយក្នុងនោះរួមមានទាំងប្រទេសធំៗ ខាងផលិតសព្វាវុធលើកលែងតែចិន ដែលបានបដិសេធការអញ្ជើញ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក ម៉ាក ណេបផឺ (Marc Knapper) បាននិយាយថា ពិព័រណ៍សព្វាវុធនេះតំណាងឱ្យ​ដំណាក់កាលថ្មីក្នុងកិច្ចប្រឹងប្រែងរបស់វៀតណាម ក្នុងការធ្វើសកលភាវូបនីយកម្ម ពិពិធកម្ម និងទំនើបកម្មវិស័យយោធារបស់ខ្លួន ហើយសហរដ្ឋអាមេរិកចង់ក្លាយជាផ្នែកនៃកិច្ចប្រឹងប្រែងនេះ។

ចំណែកនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បាននិយាយថា ឥឡូវនេះទីក្រុងហាណូយកំពុងដាក់​គោលដៅ ធ្វើពិពិធកម្មប្រភពនៃការនាំចូលសព្វាវុធរបស់ខ្លួន ក្រោមគោលបំណងរក្សាការពារប្រទេសជាតិ។ ការធ្វើពិពិធកម្មយោធា​របស់វៀតណាមនេះ អាចត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា គឺជាពាក្យតំណាងឱ្យការកាត់បន្ថយការពឹងផ្អែកលើរុស្ស៉ី សម្រាប់អាវុធ​របស់ខ្លួន ប៉ុន្តែបើតាមក្រុមអ្នកវិភាគ ការប្រែប្រួលណាមួយដែលអាចកើតឡើង គឺនឹងមានលក្ខណៈដោយសន្សឹមៗ។

ទីភ្នាក់ងារពាណិជ្ជកម្មសព្វាវុធរបស់រុស្ស៉ី រ៉ូសូបូរ៉ូនអ៉ិចស្ពត (Rosoboronexport) ក៏មានវត្តមានក្នុងពិព័រណ៍ខាងលើផងដែរ ហើយមាន​ស្តង់ដ៏ធំមួយ ដែលតាំងបង្ហាញនូវសម្ភារដូចជា ដ្រូន រថពាសដែក ឧទ្ធម្ភាគចក្រ យន្តហោះ និងអាវុធធុនស្រាលផ្សេងៗ​ទៀត។

គួរបញ្ជាក់ថា រុស្ស៉ីគឺជាផ្គត់ផ្គង់ធំជាងគេបង្អស់នៃសព្វាវុធរបស់វៀតណាម ដែលគ្របដណ្តប់លើតម្រូវការប្រមាណជា៨០ភាគរយ របស់ទីក្រុងហាណូយ ប៉ុន្តែភាពទាក់ទាញនៃអាវុធរបស់ទីក្រុងមូស្គូ បានថយចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ខណៈដែលសង្រ្គាមនៅអ៊ុយក្រែន ដាក់សម្ពាធលើការនាំចេញបរិក្ខារការពារជាតិរបស់ខ្លួន ហើយទណ្ឌកម្មបានធ្វើឱ្យប្រទេសជាច្រើន មានការស្ទាក់ស្ទើរក្នុងការទិញអាវុធពីរុស្ស៉ី៕