(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បានិយាយថា ហានិភ័យនៃការគម្រាមប្រើអាវុធនុយក្លេអ៊ែរ របស់ប្រធានាធិបតីរុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន បានថយចុះក្រោយរងសម្ពាធពីអន្តរជាតិ។ នេះបើយោងតាមការចះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ហ្វាន់កេ មេឌៀ (Funke media) ដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ លោក សូលហ៍ បានគូសបញ្ជាក់ថា «ការដែលរុស្ស៊ីឈប់គំរាមប្រើអាវុធនុយក្លេអ៊ែរ គឺជាប្រតិកម្មឆ្លើយតបចំពោះសហគមន៍អន្តរជាតិ ដែលបាននិងកំពុងគូសបន្ទាត់ក្រហម ជាមួយប្រទេសរបស់ខ្លួន»

មេដឹកនាំអាល្លឺម៉ង់រូបនេះ បានបន្ថែមថា «ទោះជាមានការបែកបាក់គ្នាយ៉ាងខ្លាំង តែវាមានសារៈសំខាន់ណាស់ដែលអាល្លឺម៉ង់ នៅតែបន្តការកិច្ចពិភាក្សាជាមួយវិមានក្រឹមឡាំង។ យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារសង្រ្គាមដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ព្រោះជម្លោះបែបនេះនឹងមានតែអ្នកចាញ់ប៉ុណ្ណោះ»

គួរបញ្ជាក់ថា បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន រួមទាំងការផ្គត់ផ្គង់អាវុធផងដែរ។ ក្រៅពីនេះអាល្លឺម៉ង់ កំពុងព្យាយាមដើម្បីក្លាយជារដ្ឋឯករាជ្យក្នុងរយៈពេលវែង ដែលមានអព្យាក្រឹតអាកាសធាតុ និងអាចផលិតថាមពលដោយខ្លួនឯងទាំងស្រុង ចាប់ពីឆ្នាំ២០៤៥តទៅ៕