(ឌូបៃ)៖ ទស្សនាវដ្ដី Time បានជ្រើសរើសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ជា «បុគ្គលប្រចាំឆ្នាំ២០២២» របស់ខ្លួន ដោយនិយាយថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបំផុសគំនិតប្រជាជនអ៊ុយក្រែន និងបានឈ្នះពានរង្វាន់ជាសកលសម្រាប់ភាពក្លាហានរបស់លោក ក្នុងការទប់ទល់នឹងការឈ្លានពានដ៏បំផ្លិចបំផ្លាញរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៧ ខែធ្នូ​ ឆ្នាំ២០២២។

ទស្សនាវដ្តី Time បានសរសេរនៅក្នុងការទទួលស្គាល់បុរសវ័យ ៤៤ឆ្នាំរូបនេះថា ជាអ្នកដឹកនាំដែលមិនព្រមចាកចេញពីរដ្ឋធានីកៀវរបស់អ៊ុយក្រែន បើទោះបីជាមានសង្គ្រាមផ្ទុះឡើងក៏ដោយ។ អតីតតារាកំប្លែងបានប្រមូលផ្តុំជនរួមជាតិ ហើយធ្វើដំណើរឆ្លងកាត់ប្រទេសដែលហែកហួរដោយសង្រ្គាម។

ទស្សនាវដ្តីបានសង្កត់ធ្ងន់ទៀតថា ជោគជ័យរបស់ លោក ហ្សេលេនស្គី ក្នុងនាមជាមេដឹកនាំក្នុងសង្រ្គាម គឺស្ថិតនៅលើភាពជាគំរូ នៃសេចក្តីក្លាហានរបស់គាត់។ សេចក្តីក្លាហាននេះ វាបានរីករាលដាលពាសពេញអ្នកដឹកនាំនយោបាយរបស់អ៊ុយក្រែនតាំងពីថ្ងៃដំបូង នៃការលុកលុយ ព្រោះគ្រប់គ្នាបានដឹងថាប្រធានាធិបតីគឺតែងតែនៅជុំវិញ។

គួរបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk ត្រូវបានជ្រើសរើសជា «បុគ្គលប្រចាំឆ្នាំ» របស់ទស្សនាដ្តី Time ក្នុងឆ្នាំ ២០២១ ដែលជាឆ្នាំដែលឃើញក្រុមហ៊ុនរថយន្តអគ្គិសនីរបស់គាត់ ក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតនៅលើពិភពលោក៕