(មូស្គូ)៖ មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីមួយកន្លែងទៀតបានរងនឹងការវាយប្រហារដោយដ្រូនរបស់សត្រូវ ក្រោមការវាយប្រហាររយៈពេល២ថ្ងៃជាប់គ្នាមកនេះនៅឯព្រលានយន្តហោះរុស្ស៊ីចំនួន៣កន្លែងហើយ។ ការអាចមានដោយដ្រូនរបស់សត្រូវជ្រៀតចូលដោយការគេចរួចពីប្រព័ន្ធការពារតាមផ្លូវអាកាសរបស់រុស្ស៊ី និងថែមទាំងចូលជ្រៅអាចវាយប្រហារដល់មូលដ្ឋានកងទ័ពអាកាសទៀតនោះហើយ បានប្រញាប់ឱ្យមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កោះហៅទីប្រឹក្សាសន្តិសុខយោធារបស់ខ្លួនដើម្បីធ្វើការជជែករកវិធីទប់ទល់។

ការចោទប្រកាន់របស់ក្រុងមូស្គូនិយាយថា មានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសចំនួនបី នៅខាងក្នុងទឹកដីប្រទេសរុស្ស៊ី បានធ្វើឱ្យមានចម្ងល់ដ៏ក្តៅគគុកម្តងទៀត អំពីការកើនឡើងរយៈពេលប្រាំបួនខែរួចមកនេះនៅក្នុងសង្គ្រាម។ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងនោះ ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ត្រូវរុស្ស៊ីនិយាយថាបានវាយប្រហារ២ដងផ្ទួនៗជាប់គ្នា ដាក់មកលើមូលដ្ឋានទ័ពអាកាសក្នុងទឹកដីរុស្ស៊ី។ ការវាយប្រហារមួយបានធ្វើនៅថ្ងៃច័ន្ទ ទី៥ ធ្នូ និងការវាយប្រហារថ្មីមួយទៀតនៅថ្ងៃទី៦ធ្នូ បើទោះបីជារូបភាពនៃការវាយប្រហារដោយដ្រូនមិនមានលក្ខណៈធំធេងក៏ដោយ។ ការវាយប្រហារនេះ គឺជាការបំពានមិនធម្មតាដែលខុសពីការគិតរបស់រុស្ស៊ីមុននេះថាទឹកដី រុស្ស៊ីមហាកំពូលអំណាចគ្រឿងសព្វាវុធនឹងមិនអាចមានអ្នកណាហ៊ានបង្កការរំខានឆាឆៅបានឡើយ ប៉ុន្តែមូលដ្ឋានទ័ពអាកាសអិនហ្គែល Engels នៅក្នុងតំបន់ Saratov និងមូលដ្ឋានមួយផ្សេងទៀត ឈ្មោះឌីយ៉ាហ្ស៊ីឡេវ៉ូ Dyagilevo ក្នុងតំបន់ Ryazan ចម្ងាយច្រើនរយម៉ាយល៍ក្នុងទឹកដីរុស្ស៊ីទៅហើយនោះ ស្រាប់តែមានសត្រូវរបស់ខ្លួនអាចប្រើដ្រូនវាយប្រហារ បង្កការខូចខាតតិចតួចដល់យន្តហោះប្រយុទ្ធថែមទៀត កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ។

ការវាយប្រហារដោយដ្រូនកាលពីថ្ងៃច័ន្ទ បានបណ្តាលឱ្យមានមនុស្សស្លាប់ ៣នាក់និងរបួស ៦នាក់។ ក្នុងការសងសឹងតបតទៅវិញ, រុស្ស៊ីបានបាញ់មីស៊ីលប្រមាណ៧០គ្រាប់ ដាក់លើបណ្តាទីក្រុងអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនថ្លែងថាប្រមាណជាង៦០គ្រាប់ត្រូវបាន ប្រព័ន្ធការពារអាកាសបាញ់ទម្លាក់ ប៉ុន្តែរុស្ស៊ីបាននិយាយថាគេបានបាញ់ចំគោលដៅចំនួន១៧កន្លែង។ ការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីដាក់លើក្រុងអ៊ុយក្រែននោះ បានធ្វើឱ្យមនុស្សស្លាប់៤នាក់និងផ្ទះសម្បែងជាច្រើនបានរងការខូចខាត។ ប៉ុន្តែក្រោយមកទៀតគឺនៅថ្ងៃអង្គារ មន្ត្រីរុស្ស៊ីបាននិយាយថា មានការវាយប្រហារថ្មីមួយទៀត ដោយដ្រូនរបស់អ៊ុយក្រែនដាក់លើអាកាសយានដ្ឋានរុស្ស៊ីក្នុងក្រុង Kursk នៃតំបន់ជិតព្រំដែនអ៊ុយក្រែនក្នុងទឹកដីរុស្ស៊ី។ មន្ត្រីរុស្ស៊ីប្រចាំតំបន់លោករ៉ូម៉ាន់ ស្តារ៉ូវ៉យថ៍ Roman Starovoyt បាន ថ្លែងថាការវាយប្រហារដោយដ្រូននៅថ្ងៃអង្គារ៍នោះ បានធ្វើឱ្យឆេះធុងស្តុកប្រេងនៅព្រលានយន្តហោះ Kursk។ ព្រលានយន្តហោះ Kursk មានចម្ងាយប្រមាណ២៨០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន។

ការអាចមានដ្រូនរបស់សត្រូវជ្រៀតចូលដោយការគេចរួច ពីប្រព័ន្ធការពារតាមផ្លូវអាកាសរបស់រុស្ស៊ី និងថែមទាំងចូលវាយដល់មូលដ្ឋានកងទ័ពអាកាសទៀតនេះ បានធ្វើឱ្យមេដឹកនាំ រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រញាប់កោះហៅទីប្រឹក្សាសន្តិសុខយោធារបស់ខ្លួន ដើម្បីធ្វើការជជែកពិភាក្សាជុំវិញបញ្ហាកត្តាសន្តិសុខ ខណៈទឹកដីរុស្ស៊ីត្រូវបានសត្រូវបានផ្តល់សញ្ញា នៃការហ៊ានលុកលុយជាបណ្តើរៗហើយ។ កាសែត The Guardian បានសរសេរថាជំនួបជា មួយក្រុមមន្ត្រីសន្តិសុខបានធ្វើនៅថ្ងៃអង្គារ៍ ទី៦ធ្នូ និងវិមានក្រឹមឡាំងបានថ្លែងថា រុស្ស៊ីនឹង ចាត់វិធានការចាំបាច់ដើម្បីទប់ទល់ការវាយប្រហាររបស់អ៊ុយក្រែន។ មិនមានសេចក្តីរាយ ការណ៍បញ្ជាក់ថាតើវិធានការចាំបាច់នោះគឺជាអ្វីនោះឡើយ។

ប្រទេសអ៊ុយក្រែនមិនបានបញ្ជាក់ ឬបដិសេធលើការទទួលខុសត្រូវចំពោះការបំផ្ទុះនៅតាមព្រលានយន្តហោះទាំង៣កន្លែងនោះឡើយ។ ទីភ្នាក់ងារស៊ីអិនអិន បានដកស្រង់សម្តីមន្ត្រី ជំនួយការរបស់លោកហ្សេឡិនស្គីដែលនិយាយ ហាក់ដូចជាបង្ហាញសប្បាយចិត្តចំពោះការវាយប្រហារដាក់លើមូលដ្ឋានកងទ័ពអាកាសរុស្ស៊ី ដោយលោកបានសរសេរតាមបណ្តាញ សង្គមថា "ប្រសិនបើអ្វីមួយត្រូវបានបាញ់ចូលទៅក្នុងដែនអាកាស របស់ប្រទេសផ្សេងទៀត ហើយនោះមិនយូរមិនឆាប់វត្ថុហោះហើរដែលគេមិនមិនស្គាល់ឈ្មោះ UFO នឹងត្រូវសង ទៅកាន់ចំណុចចាប់ផ្តើមរបស់វានោះវិញ»។

រូបភាពបង្ហាញទីតាំងព្រលានយន្តហោះរុស្ស៊ី ដែលត្រូវបានដ្រូនអ៊ុយក្រែនវាយប្រហារនោះ ត្រូវបានបណ្តាញសង្គមបង្ហោះព្រោងព្រាតដែលកាន់តែបញ្ឆេះកំហឹងដល់រុស្ស៊ីនៃការមិនអាច ថែរក្សាសន្តិសុខក្នុងប្រទេសរបស់ខ្លួនបានសូម្បីតែការវាយប្រហារតូចតាច។ សេចក្តីរាយការណ៍បានបញ្ជាក់ថាដ្រូនដែលអ៊ុយក្រែនបានប្រើប្រាស់លើការវាយប្រហារដល់ ទីតាំងព្រលានយន្តហោះរបស់រុស្ស៊ីនោះ គឹជាដ្រូនផលិតដោយអតីតសហភាពសូវៀត ដែលអ៊ុយក្រែនបានយកមកកែច្នៃបច្ចេកវិទ្យាបន្ថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថ ភាពរបស់អ៊ុយក្រែនដែលអាចប្រើដ្រូន ធ្វើការវាយប្រហារលើព្រលានយន្តហោះរបស់រុស្ស៊ីនេះ ត្រូវបានគេនាំអារម្មណ៍មនុស្សទាំងឡាយងាកមកក្រុមហ៊ុនផលិតអាវុធរបស់អ៊ុយ ក្រែនឈ្មោះ អ៊ូក្រូបូរ៉ុងប្រុម Ukroboronprom។

ក្រុមហ៊ុនផលិតសព្វាវុធរបស់រដ្ឋឈ្មោះ អ៊ូក្រូបូរ៉ុងប្រុម Ukroboronprom បានបង្ហាញជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនូវកិច្ចការជិតនឹងបញ្ចប់ លើការផលិតដ្រូនថ្មីមួយដែលអាចហោះក្នុងរយៈចម្ងាយឆ្ងាយបាន។ កាលពីខែតុលា ក្រុមហ៊ុនផលិតអាវុធអ៊ុយក្រែននោះ បានបង្ហោះនៅលើ Facebook នូវរូប ភាពនៃផ្នែករចនាសម្ព័ន្ធរបស់ដ្រូនទម្ងន់៧៥គីឡូក្រាម ដែលអាចហោះក្នុងចម្ងាយ១ពាន់ គីឡូម៉ែត្រ។ ក្រោយមកទៀត នៅថ្ងៃទី 24 ខែវិច្ឆិកា ក្រុមហ៊ុនអ៊ូក្រូបូរ៉ុងប្រុម Ukroboronprom បានផ្សាយរូបដ្រូនមួយដទៃទៀតបញ្ជាក់ថា "ដំណាក់កាលបន្ទាប់ នៃការធ្វើតេស្តយន្តគ្មាន មនុស្សបើក, និងសរសេរទៀតថា ក្នុងនាមប្រធានអគ្គសេនាធិការ យើងកំពុងត្រៀមខ្លួន សម្រាប់ការធ្វើតេស្តហោះហើរ ក្រោមសកម្មភាពនៃសង្គ្រាមអេឡិចត្រូនិច" ។ កាលពីថ្ងៃសៅរ៍ទី១ធ្នូឆ្នាំ២០២២ ស្ត្រីនាំពាក្យ Natalia Sad នៃក្រុមហ៊ុនផលិតអាវុធដ្រូន បានបញ្ជាក់ប្រាប់ទូរទស្សន៍អ៊ុយក្រែនថា៖ "ដំណាក់កាលជាច្រើននៃការធ្វើតេស្តប្រកបដោយ ជោគជ័យត្រូវបានបញ្ចប់ហើយ គិតត្រឹមថ្ងៃទី១ ធ្នូ» ឆ្នាំ២០២២។ ស្ត្រីនាំពាក្យដដែលបាន និយាយថា «អនុលោមតាមការណែនាំរបស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន យើងកំពុងឈានទៅដល់ដំណាក់កាលនៃការធ្វើតេស្តពាក់ព័ន្ធនឹង E-Warfare Jamming Environment ដែលជាទម្រង់នៃការវាយប្រហារតាមសញ្ញាប្រព័ន្ធអេឡិចត្រូនិក។

ខណៈដែលមានសេចក្តីរាយការណ៍ដ្រូនរបស់អ៊ុយក្រែន ហ៊ានធ្វើការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីនោះ, ការសង្ស័យខ្លះបានចោទថាដោយសារតែជាការលើកទឹកចិត្ត របស់សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច។ មន្ត្រីសហរដ្ឋអាមេរិកបានថ្លែងថា គេមិនបានជម្រុញឱ្យអ៊ុយក្រែនធ្វើការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ីនោះឡើយ។ មន្ត្រីនាំពាក្យក្រសួងការបរ ទេសអាមេរិក លោក Ned Price បានថ្លែងថា «គេមិនបានផ្តល់អាវុធដល់អ៊ុយក្រែនក្នុងការវាយ ប្រហារដាក់លើទឹកដីរុស្ស៊ីនោះឡើយ។ យើងបានជួយអ៊ុយក្រែនក្នុងការផ្តល់មធ្យោបាយការពារខ្លួន ដូចដែលប្រធានាធិបតីអាមេរិកបាននិយាយបញ្ជាក់រួចមកហើយថា សហរដ្ឋអាមេរិកមិនបានជម្រុញឬលើកទឹកចិត្តអ៊ុយក្រែន ក្នុងការវាយប្រហារលើសពីតំបន់ព្រំដែនរបស់ អ៊ុយ ក្រែននោះឡើយ»។ ប៉ុន្តែមន្ត្រីនាំពាក្យក្រ សួងការបរទេសអាមេរិកបានបញ្ជាក់បន្ថែម ថាអ្វីដែលសហរដ្ឋអាមេរិកបានជួយអ្វីដែលពិភពលោកបានជួយអ៊ុយក្រែន គឺជាការជួយគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន។

លោក Anthony Blinken បានថ្លែងថា «យើងមិនបានលើកទឹកចិត្តនិងមិនបានជម្រុញអ៊ុយក្រែនឱ្យ ធ្វើការវាយប្រហារដាក់ក្នុងទឹកដីរុស្ស៊ីនោះទេ។ លោកបានថ្លែងថាប៉ុន្តែអ្វីដែលសំខាន់ នោះគឺថាតើប្រជាជនអ៊ុយក្រែនដែលរងការវាយប្រហារនោះទៅវិញទេ ថាតើពួកគេកំពុងរស់នៅយ៉ាងដូចម្តេចជាមួយនឹងអំពើឈ្លានពានរបស់រុស្ស៊ីជារៀងរាល់ថ្ងៃ? លោក Anthony Blinken បញ្ជាក់ថាការតាំងចិត្តរបស់សហរដ្ឋអាមេរិកគឺដើម្បីការប្រាកដក្នុងចិត្តថាអ៊ុយក្រែន មានកិច្ចសហការជាមួយនឹងដៃគូដទៃទៀតនៅជុំវិញពិភពលោកនេះ ទាំងការផ្តល់ឧបករណ៍ ជំនួយទាំងការការពារខ្លួននិងការពារសិទ្ធិសេរីភាព។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២៨៦ហើយគិតត្រឹមថ្ងៃអង្គារ៍ទី៦ធ្នូឆ្នាំ ២០២២។ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ត្រូវគេរំពឹងថានឹងអាចបញ្ចប់ទៅវិញតាមរយៈការ ចរចាដើម្បីបញ្ឈប់ការបាញ់គ្នានិងឈានដល់ការរកសន្តិភាព។ ប៉ុន្តែភាពបន្តសាហាវសងសឹកស៊ីសាច់ហុតឈាមគ្នានៅមិនទាន់ចប់នេះ ត្រូវគេរំពឹងថានឹងមិនទាន់អាចឈានដល់ដំណាក់កាល ចូលតុចរចាបានឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី៦ធ្នូថា បើទោះបីជាគេបានយល់ស្របជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken លើ តម្រូវការសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែបញ្ជាក់ថា រុស្ស៊ីនៅតែមើលឃើញថាពេលនេះនៅមិនទាន់ជាពេលនៃឱកាសដើម្បីធ្វើការចរចាគ្នានោះឡើយ។

លោក Dmitry Peskov បានបន្តថា រុស្ស៊ីនឹងត្រូវបំពេញគោលដៅជាក់លាក់នៃ "ប្រតិបត្តិការ យោធាពិសេស" របស់ខ្លួននៅក្នុងអ៊ុយក្រែនថែមទៀត នៅមុនពេលដែលរុស្ស៊ីអាចចូលរួមក្នុង កិច្ចពិភាក្សាជាមួយដៃគូដែលមានសក្តានុពល។

គួរបញ្ជាក់ថា មួយថ្ងៃមុនសម្តីរបស់មន្ត្រីវិមានក្រឹមឡាំងនេះ លោក Antony Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយបញ្ជាក់ថា ជម្លោះនឹងបញ្ចប់ជាមួយនឹងការចរចានិងការទូត ដែលស្ទើរតែជិតចប់ទៅហើយ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចង់សម្រេចបាននៃ "សន្តិភាពយូរអង្វែង ដែលមិនមែនជាសន្តិភាពក្លែងក្លាយ" ហើយលោកបាននិយាយទៀត ថាជំហរបច្ចុប្បន្នរបស់រុស្ស៊ី បានធ្វើឱ្យកិច្ចចរចា មិនមែនជាការចាប់ផ្តើមនោះឡើយ។ លោក Antony Blinken បានប្រាប់កាសែត Wall Street Journal ថា "លុះត្រាតែរុស្ស៊ីបង្ហាញថា ខ្លួនចាប់អារម្មណ៍លើការទូតដ៏មានអត្ថន័យ និងរុស្ស៊ីមិនអាចធ្វើដំណើរទៅណាទៀតបានឡើយ ដែលនៅពេលនោះហើយសហរដ្ឋអាមេរិក គឺជាអ្នកដំបូងគេបំផុតដែលអាចជួយរកច្រកចេញទាំងនោះបាន៕