(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ សមាជបក្សកុម្មុយនីស្តចិនលើកទី១៨ ទើបតែបិទប្រជុំ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទស្សនាពិព័រណ៍ឈ្មោះ‌ «ផ្លូវងើបឡើងវិញ» នៅសារមន្ទីរជាតិ។ កាលនោះ លោកបានលើកឡើងក្តីសុបិនចិន ជាលើកដំបូង ព្រមទាំងអធិប្បាយពីអត្ថន័យរបស់វា «យើងកំពុងព្យាយាមរត់ យើងសុទ្ធតែជាអ្នកស្វែងរកក្ដីសុបិន»

តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួម និងដឹកនាំបក្សទាំងមូលនិង ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនពង្រឹងជំនឿងចិត្ត ពុះពារឧបសគ្គ តស៊ូប្រឹងប្រែងនិងស្វែងរកក្តីសុបិន ដើរតាមផ្លូវថ្មីដែលប្រកបដោយភាពរុងរឿងនិងក្តីសុបិន។ ខាងក្រោមនេះសូមរំលឹកឡើងវិញពី អនុសាសន៍ពាក់ព័ន្ធរបស់លោក Xi Jinping ក្នុងកាលៈទេសៈខុសៗគ្នា៖

លោក Xi Jinping ថ្លែងក្នុងមហាសន្និបាតផ្តល់ប័ណ្ណសរសើរដល់គំរូពលករ និងបុគ្គលធ្វើការឆ្នើមទូទាំងប្រទេសចិនកាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០២០ ថាត្រូវពង្រីកប្រពៃណីដ៏ល្អផូរផង់ រ៉ាប់រងបេសកកម្មប្រវត្តិសាស្ត្រ ចាត់ទុកគោលដៅតស៊ូដែលកំណត់ដោយបក្ស និងរដ្ឋជាគោលដៅជីវិតរបស់ខ្លួន ចាត់ទុកការស្តារភាពរុងរឿងឡើងវិញ របស់ប្រជាជាតិជាភារកិច្ចរបស់ខ្លួន រួមបញ្ចូលឧត្តមគិតជីវិត និងសុភមង្គលគ្រួសារទៅក្នុងបុព្វហេតុដ៏មហិមា ដែលប្រទេសមានភាពខ្លាំងក្លា និងប្រជាជាតិស្តារភាពរុងរឿងឡើងវិញ ដើម្បីធ្វើជាអ្នកស្វែងរកក្តីសុបិនក្នុងយុគសម័យថ្មី។

លោក Xi Jinping បានថ្លែងក្នុងមហាសន្និបាតរំលឹកខួប ១០០ឆ្នាំនៃចលនា៤ ឧសភា កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩ ថា មិត្តយុវវ័យទាំងឡាយ! មនុស្សគ្រប់ជំនាន់មានដំណើរដ៏វែងឆ្ងាយរបស់ខ្លួន មនុស្សគ្រប់ជំនាន់មានបេសកកម្មរបស់ខ្លួន។ ការកសាងបានជាប្រទេសខ្លាំងសង្គមនិយមទំនើបកម្ម សម្រេចការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ វាគឺជាការរត់បណ្ដាក់គ្នា។ យើងមានសេចក្តីប្តេជ្ញាចិត្តរត់បានលទ្ធផលល្អឱ្យយុវវ័យ យើងក៏រំពឹងទុកថាជំនាន់យុវវ័យបច្ចុប្បន្ន អាចរត់បានលទ្ធផលកាន់តែល្អដែរ។

លោក Xi Jinping បានថ្លែងក្នុងសុន្ទរកថាអបអរសាទរឆ្នាំសកលថ្មីឆ្នាំ ២០១៩ កាលពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៨ ថា ប្រទេសចិនដ៏ចល័តមួយ ពោរពេញទៅដោយកម្លាំងរស់រវើក នៃភាពរុងរឿងនិងវឌ្ឍនភាព។ យើងខិតខំរត់ទាំងអស់គ្នា យើងសុទ្ធតែជាអ្នកស្វែងរកក្តីសុបិន។

លោក Xi Jinping បានថ្លែងក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ថា ពិភពលោករបស់យើងពោរពេញទៅដោយក្តីសង្ឃឹម ហើយក៏ពោរពេញទៅដោយបញ្ហាប្រឈមផងដែរ។ យើងមិនអាចលះបង់ចោលក្តីសុបិនដោយសារភាពស្មុគស្មាញនៃការពិត មិនអាចបោះបង់ចោលការចង់បាន ដោយសារឃ្លាតឆ្ងាយពីឧត្តមគិត។ គ្មានប្រទេសណាមួយអាចឆ្លើយតបនឹង បញ្ហាប្រឈមដោយឯកឯងនោះទេ ក៏គ្មានប្រទេសណាមួយអាចត្រឡប់ទៅកោះឯកោ ដែលបិទជិតដោយខ្លួនឯងនោះដែរ។

លោក Xi Jinping បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយតំណាងបញ្ញវន្ត គំរូពលករ និងតំណាងយុវវ័យកាលពីថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០១៦ ថា ក្តីសុបិនជារបស់មនុស្សគ្រប់រូប ប្រជាជនទាំងឡាយគួរហ៊ាននឹកគិត ហ៊ានធ្វើ ហ៊ានស្វែងរកក្តីសុបិន។ ជាក់ស្តែង ការសម្រេចក្តីសុបិនចិនដែលស្តារភាពរុងរឿង ដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ គឺពឹងលើការធ្វើការងារដ៏ឧស្សាហ៍ព្យាយាម របស់មនុស្សគ្រប់មុខរបរ។ ឱ្យតែមានមហិច្ឆតានិងភាពស្វាហាប់ ពលករសាមញ្ញក៏អាចបង្ហាញតម្លៃជីវិតរបស់ខ្លួនលើឆាកទូលំទូលាយដែរ។

លោក Xi Jinping បានថ្លែងក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតក្រុមយុវជនកុម្មុយនីស្តចិនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២ ថា ការសម្រេចក្តីសុបិនចិនជាការរត់បណ្ដាក់ប្រវត្តិសាស្ត្រ។ យុវវ័យគួរខិតខំប្រឹងប្រែងដើម្បីសម្រេច ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។ យុគសម័យតែងផ្តល់បេសកកម្មប្រវត្តិសាស្ត្រដល់យុវជន។ យុវជនចិនក្នុងយុគសម័យថ្មី កើតនៅពេលដ៏សំខាន់ រ៉ាប់រងភារកិច្ចសំខាន់ មានឆាកទូលាំទូលាយសម្រាប់បង្ហាញជំនាញ និងមានអនាគតដ៏ភ្លឺស្វាងសម្រាប់សម្រេចក្តីសុបិន៕

វិទ្យុមិត្តភាពកម្ពុជាចិន