(ប៉េកាំង)៖ ស្រូវជាដំណាំស្បៀងដ៏សំខាន់របស់មនុស្សជាតិ ដែលបានចញ្ចឹមប្រជាជនប្រហែលពាក់កណ្តាលលើពិភពលោក។ ក្រុមអ្នកសិក្សាស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានបញ្ចប់ការពិសោធន៍បណ្តុះគ្រាប់ពូជស្រូវក្នុងអវកាស ពីដំណាក់កាលលូតលាស់ដល់ទុំ ដែលជាការពិសោធន៍លើកទីមួយនៃពិភពលោក។

គេហទំព័រ CCTV.com បានផ្សាយដំណឹងនៅថ្ងៃទី៥ ខែធ្នូថា ការពិសោធន៍បណ្តុះពូជស្រូវ បានចាប់ផ្តើមពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សរុបបានធ្វើរយៈពេល ១២០ថ្ងៃ ក្នុងបន្ទប់នៃស្ថានីយអវកាសចិន ដែលបានសម្រេចការពិសោធន៍ដំណាក់កាលដុះពន្លក ដំណាក់កាលលូតធំ ចេញផ្កា និងដំណាក់កាលហុចគ្រាប់ស្រូវ។

ក្នុងអំឡុងពេលនោះ អវកាសយានិកចិន បានប្រមូលសំណាកចំនួន ៣លើក។ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ សំណាកពិសោធន៍បានត្រឡប់មកភពផែនដីវិញ ជាមួយយានអវកាសផ្ទុកមនុស្ស Shenzhou-14 បន្ទាប់មកនឹងដឹកជញ្ជូនទៅ បន្ទប់ពិសោធន៍នៅក្រុងសៀងហៃ ដើម្បីសង្កេតមើលថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន