(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកនិងអូស្រ្តាលី បានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅឯមន្ទីរបញ្ចកោណ ហើយបានចេញសេចក្តីថ្លែងការណ៍រួមថា ប្រទេសទាំងពីរមានការប្តេជ្ញាយ៉ាងមុតមាំ ដើម្បីទប់ទល់នូវអ្វីដែលពួកខ្លួនហៅថា «សកម្មភាពយោធាដែលបង្កអស្ថិរភាព» របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានជួបជាមួយសមភាគីអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) នៅរដ្ឋធានីវ៉ាស៉ីនតោន ក្រោមក្របខណ្ឌនៃកិច្ចពិភាក្សាប្រចាំឆ្នាំ AUSMIN ដែលនៅថ្ងៃអង្គារ នឹងរួមមានទាំងជំនួបរវាង រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងពីរផងដែរ។

ចំណែកនៅថ្ងៃពុធសប្តាហ៍នេះ កិច្ចប្រជុំ AUKUS រវាងអាមេរិក អូស្រ្តាលី និងចក្រភពអង់គ្លេស នឹងធ្វើឡើងក្នុងទម្រង់ទល់មុខផ្ទាល់ ជាលើកដំបូង។ សម្ពន្ធភាពសន្តិសុខត្រីភាគីនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយផ្តល់បច្ចេកវិទ្យានាវាមុជទឹក ដែលដើរដោយថាមពល​នុយក្លេអ៊ែរ ដល់អូស្រ្តាលី។

គួរបញ្ជាក់ថា ទីក្រុងកង់បេរ៉ាបានកើនឡើងក្តីបារម្ភជាខ្លាំង អំពីមហិច្ឆតាយោធារបស់ចិន នៅតំបន់ភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក ដែលធ្លាប់តែស្ថិតក្រោមដែនឥទ្ធិពលរបស់ខ្លួន បន្ទាប់ពីក្រុងប៉េកាំងបានចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដីកោះសូឡូម៉ុន ក្នុងឆ្នាំនេះ។

បើតាមក្រុមអ្នកការទូតអូស្រ្តាលី ជំនួបរវាងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស និងប្រធានាធិបតីចិន លោក ស៉ី ជិនពីង កាលពីខែមុន នៅក្រៅកិច្ចប្រជុំកំពូល G20 គឺជាការបោះជំហានមួយទៅមុខ សំដៅរកចំណងទំនាក់ទំនង ដែលមានភាពប្រក្រតីឡើងវិញ ប៉ុន្តែវានឹងមិននាំមកនូវការផ្លាស់ប្តូរ ចំពោះគោលនយោបាយការពារជាតិរបស់អូស្រ្តាលីឡើយ៕