(បូហ្គោតា)៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកូឡុំប៊ី បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ថាមនុស្សយ៉ាងហោច ៣៤នាក់បានស្លាប់ នៅពេលដែល គ្រោះរអិលបាក់ដីបានកប់រថយន្ដក្រុងមួយគ្រឿង នៅឯភាគពាយព្យនៃប្រទេស កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយកូឡុំប៊ី បានបញ្ជាក់ទៀតថាគ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារ លើរថយន្ដក្រុងមួយគ្រឿង ដែលកំពុងបើកបរនៅលើផ្លូវស្ថិតនៅចន្លោះភូមិ ពូអេប្លូ រីកូ (Pueblo Rico) និង សាន់តា សេស៊ីយ៉ា (Santa Cecilia) នៅក្នុងខេត្ត រីសារ៉ាល់ដា (Risaralda) នៅចម្ងាយ២៣០គីឡូម៉ែត្រ ពីភាគពាយព្យនៃរដ្ឋធានីបូហ្គោតា។

ក្រុមអ្នកជួយសង្រ្គោះជីកកកាយស្វែងរកអ្នកនៅរស់រានមានជីវិត ហើយមនុស្ស៩នាក់ត្រូវបានជួយសង្រ្គោះដោយនៅមានជីវិត ក្នុងនោះរួមមានក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែល ត្រូវបានគេរកឃើញនៅក្បែរសព្វម្ដាយរបស់ក្មេងស្រីរូបនេះ។ ប្រធានាធិបតីកូឡុំប៊ី លោក ហ្គូសា្តវ៉ូ ប៉េត្រូ (Gustavo Petro) ក៏បានចាត់ទុកហេតុការណ៍នេះជាមហន្តរាយ មួយផងដែរជាមួយការចូលរួមរំលែកមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងសន្យាផ្ដល់ការគាំទ្រពីរដ្ឋាភិបាល៕