(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា ប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ នឹងធ្វើការជាមួយប្រទេសចិន ដើម្បីដើរតួនាទីជាវិជ្ជមាន ក្នុងការជួយស្រីលង្កាយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពកាន់តែលឿន លើការរៀបចំរចនាសម្ព័ន្ធបំណុលសម្រាប់ប្រទេសនានា រួមទាំងប្រទេសស្រីលង្កា ដែលកំពុងព្យាយាមទទួលបានកញ្ចប់ជំនួយពី IMF ។

លោកស្រី Mao បាននិយាយថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការល្អយូរអង្វែងជាមួយ IMF និងស្ថាប័នសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត។

ទាក់ទងនឹងបញ្ហាបំណុលរបស់ប្រទេសស្រីលង្កា លោកស្រី Mao បាននិយាយថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការលំបាក និងបញ្ហាប្រឈមរបស់ប្រទេសស្រីលង្កា ដោយលើកឡើងយ៉ាងដូច្នេះថា «យើងគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការធ្វើការងារជាមួយស្រីលង្កា ដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ»

លោកស្រីបានបន្ថែមថា យើងសង្ឃឹមថាប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនឹងធ្វើការជា មួយប្រទេសចិន ហើយបន្តដើរតួនាទីស្ថាបនាក្នុងការជួយប្រទេសស្រីលង្កា ឱ្យយកឈ្នះលើការលំបាកនាពេលបច្ចុប្បន្ន សម្រាលបន្ទុកបំណុលរបស់ខ្លួន និងទទួលបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕