(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានប្រាប់ថា បណ្តារដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលចម្រុះរបស់លោក បានឯកភាពទទួលយកការកាត់ប្រាក់ខែ ២០ភាគរយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

លោក អាន់វ៉ា បាននិយាយថា កំលុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូងនាថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្រ្តីបានយល់ព្រមចំពោះគំនិត​ នៃការកាត់បន្ថយប្រាក់ខែនេះ ដោយសារតែក្តីកង្វល់ចំពោះបញ្ហាលំបាកផ្សេងៗ ដែលសាធារណជនបាននិងកំពុងប្រឈម។ លោក អាន់វ៉ា បានគូសបញ្ជាក់ដូច្នេះថា «ចំណាត់ការនេះ នឹងបន្តរហូតទាល់តែសេដ្ឋកិច្ចប្រសើរឡើងវិញ។ ប្រសិនបើសេដ្ឋកិច្ចស្តារបានវិញ ក្នុងរយៈពេល៣ឆ្នាំខាងមុខ នោះយើងនឹងពិនិត្យមើលវាសាជាថ្មី។ ការកាត់ប្រាក់ខែគឺជារឿងមិនសមរម្យទេ ប៉ុន្តែខ្ញុំអរគុណដល់ពួកគេ សម្រាប់ការស្ម័គ្រចិត្ត​លះបង់បន្តិចបន្តួចនេះ»

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ីបានបន្តទៀតថា «មានមនុស្សមួយចំនួនដែលនិយាយថា អាន់វ៉ា មិនយកប្រាក់ខែនាយករដ្ឋមន្រ្តីពិតមែន ប៉ុន្តែនឹងយកប្រាក់ខែរដ្ឋមន្រ្តីហិរញ្ញវត្ថុ។ វាពុំត្រឹមត្រូវនោះទេ ព្រោះប្រាក់ខែនឹងមានតែមួយប៉ុណ្ណោះ»។ ក្រៅពីតួនាទីនាយករដ្ឋមន្រ្តី លោក អាន់វ៉ា ក៏ទទួលបន្ទុកជារដ្ឋមន្រ្តីហិរញ្ញវត្ថុផងដែរ។ កាលពីកំលុងការឃោសនាបោះឆ្នោតនាពេលកន្លងទៅ លោក អាន់វ៉ា បានសន្យាថា លោកនឹងមិនយកប្រាក់ខែឡើយ បើក្លាយជានាយករដ្ឋមន្រ្តី ដើម្បីបង្ហាញសាមគ្គីភាពជាមួយប្រជាជន ដែលស្ថិតក្នុង​ស្ថានភាពលំបាក។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក អាន់វ៉ា បានបង្ហាញសមាសភាពរដ្ឋមន្រ្តីរបស់លោកចំនួន២៨រូប ដែលជាតិចជាង បើធៀបនឹងទំហំរដ្ឋបាលមុនៗ របស់អតីតនាយករដ្ឋមន្រ្តី លោក អ៉ីស្មែល សាប៊្រី យ៉ាកូប (Ismail Sabri Yaakob) ហើយនិង​អតីតនាយករដ្ឋមន្រ្តីលោក មូហ៉ីយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin)។

កាលពីរដ្ឋបាលរបស់លោក អ៉ីស្មែល សាប៊្រី គឺមានរដ្ឋមន្រ្តីចំនួន៣១នាក់ និងអនុរដ្ឋមន្រ្តីចំនួន៣៨នាក់ ខណៈរដ្ឋបាលរបស់លោក មូហ៉ីយីដឌីន មានរដ្ឋមន្រ្តី៣២នាក់ និងអនុរដ្ឋមន្រ្តី៣៨នាក់។ យ៉ាងណាមិញ បញ្ជីឈ្មោះអនុរដ្ឋមន្រ្តីសម្រាប់រដ្ឋាភិបាលចម្រុះរបស់លោក អាន់វ៉ា នៅមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ៕