(ប៉េកាំង)៖ កាលពីសម័យបុរាណ ប្រជាជនចិនដែលមានអរិយធម៌ដ៏ចំណាស់និងប៉ិនប្រសប់ខាងសិប្បកម្ម បានផលិតនូវសម្ភារៈជាច្រើនដែលមិនត្រឹមតែបំពេញតាមតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រួសត្រាយទីផ្សារបរទេស ដើម្បីចែករំលែកផលិតផលរបស់ខ្លួន ជាមួយប្រជាជននៃប្រទេសនានាផងដែរ ។ អាស្រ័យហេតុនេះ កាលពីជាង ២០០០ ឆ្នាំមុន «ផ្លូវសូត្រសមុទ្រ» ត្រូវបានបង្កើតឡើងដោយត្រួសត្រាយ ការធ្វើពាណិជ្ជកម្មតាមផ្លូវទឹករវាងប្រទេសចិន និងបណ្តាប្រទេសនានា។ ក្រោយមកមិនជាយូរប៉ុន្មាន «ផ្លូវសូត្រ» ដែលជាច្រកពាណិជ្ជកម្ម តភ្ជាប់ប្រទេសចិនជាមួយបស្ចិមប្រទេស និងប្រទេសអារ៉ាប់ក៏ត្រូវបានបង្កើតឡើង។

ផ្អែកលើផ្លូវសូត្រទាំងពីរនេះ ផលិតផលចិនកាលនោះមានដូចជា ព្រែសូត្រ ស្លឹកតែ គ្រឿងក្រអូបនិងពរ្សឺឡែនជាដើម បានត្រូវពួកឈ្មួញនាំចេញទៅកាន់ ប្រទេសអាស៊ី បស្ចិមប្រទេសនិងប្រទេសអារ៉ាប់ ហើយមន្ត្រីសំខាន់ៗរបស់ចិន ក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេស ដែលស្ថិតតាមបណ្តោយផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រ ដោយបាននាំយកទៅជាមួយ នូវផលិតផលពិសេសៗជាច្រើនរបស់ចិនសម្រាប់ ជាអំណោយជូនដល់ប្រទេសដែលខ្លួនឆ្លងកាត់ ដែលនាំឱ្យផលិតផលចិនត្រូវគេស្គាល់កាន់តែច្រើនឡើងៗ ពាក្យថា «Made in China» បានក្លាយជាស្ពានសម្រាប់តភ្ជាប់មិត្តភាព រវាងប្រជាជនចិននិងពិភពលោកចាប់ពីពេលនោះមក។

លុះឈានចូលយុគសម័យទំនើប ក្នុងខណៈពេលដែលវិស័យឧស្សាហកម្ម និងសិប្បកម្មរបស់ចិនមានភាពផុលផុស ផលិតផលចិនដែលមានតម្លៃថោកសមរម្យ និងមានគុណភាពខ្ពស់បានចូលទៅក្នុងទីផ្សារអន្តរជាតិ ចូលទៅក្នុងផ្ទះរបស់ប្រជាជន នៃបណ្តាប្រទេសនានា សម្ភារៈប្រើប្រាស់ដែលមានដាក់ស្លាក«Made in China» បានក្លាយជាចំណែកដ៏សំខាន់មួយសម្រាប់តម្រូវការ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៃប្រទេសជាច្រើនលើពិភពលោក។

បច្ចុប្បន្ន វិស័យផលិតកម្មរបស់ប្រទេសចិនកាន់តែជឿនលឿន សម្ភារៈបច្ចេកទេសទំនើបចុងក្រោយជាច្រើន បានសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជនចិន និងប្រជាជននៃប្រទេសនានា ភាពវៃឆ្លាតសិប្បនិម្មិតមិនមែនមានតែ ក្នុងភាពយន្តវិទ្យាសាស្ត្រដូចសម័យមុននោះទេ ពោលគឺឥឡូវបានដើរចូលក្នុងជីវភាពប្រចាំថ្ងៃរបស់យើង។

ហេតុអ្វីបានជា «Made in China» ទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាជនគ្រប់ជាតិសាសន៍ ? ជាបឋម យើងមកស្វែងយល់ពីគោលនយោបាយពាណិជ្ជកម្មរបស់ចិន។ ប្រទេសចិនប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដូច្នេះបានក្លាយជាដៃគូពាណិជ្ជកម្មរបស់ប្រទេស ស្ទើរតែទាំងអស់នៅលើពិភពលោក ដែលបច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរ លើពិភពលោកនិងជាប្រទេសពាណិជ្ជកម្មធំទីមួយ លើពិភពលោកដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ប្រទេសចំនួនជាង ១២០។

ទីពីរគឺភាពអាចទទួលបាននៃផលិតផលចិន។ ដោយសារតែប្រទេសចិនមានដៃគូពាណិជ្ជកម្មច្រើន ដូច្នេះផលិតផលចិនបានត្រូវនាំចេញយ៉ាងសន្ធឹកសន្ធាប់ ដើម្បីបំពេញតាមតម្រូវការនៃទីផ្សារអន្តរជាតិ។ លើសពីនេះ ជាធម្មតាផលិតផលចិនតែងមានតម្លៃថោកសមរម្យ ដូច្នេះទោះបីជាអ្នកប្រើប្រាស់ដែលមានជីវភាព មិនសូវធូរធារក៏អាចទិញបានផលិតផលចិន យកមកប្រើប្រាស់ដែរ។ ពិសេសក្នុងបរិបទកូវីដ វ៉ាក់សាំងដែលផលិតដោយប្រទេសចិន បានក្លាយជាទំនិញសាធារណៈដែលងាយទទួលបាន ហេតុនេះ បានក្លាយជាខែលការពារអាយុជីវិតរបស់ ប្រជាជនដ៏ច្រើនលើសលប់លើពិភពលោក ឱ្យរួចផុតពីចង្កូមមច្ចុរាជនៃវីរុសកូវីដ-១៩។

ទីបីគឺគុណភាពតាមស្តង់ដាអន្តរជាតិ។ ផលិតផលចិនដែលបាននាំចេញទៅបរទេស សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព ពោលគឺទាល់តែសមស្របនឹងស្តង់ដាអន្តរជាតិ ទើបអាចនាំចេញបាន។ អាស្រ័យហេតុនេះ ផលិតផលចិនដែលបានចរាចរណ៍ ក្នុងទីផ្សារអន្តរជាតិទទួលបានការនិយម ចូលចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ រាប់ទាំងអ្នកប្រើប្រាស់នៅបស្ចិមប្រទេស ដែលមានភាពជឿនលឿនខាងវិស័យឧស្សាហកម្មនិងផលិតកម្មផងដែរ។ «ស្រួលប្រើ ប្រើធន់បានយូរ» នេះជាការវាយតម្លៃរបស់អ្នកប្រើប្រាស់ ចំពោះផលិតផលចិន។

បច្ចុប្បន្ន «Made in China» មិនគ្រាន់តែជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនោះទេ ពោលគឺបានគ្របដណ្តប់លើគ្រប់វិស័យ ដែលបានក្លាយជាអត្តសញ្ញាណមួយ នៃភាពរីកចម្រើនខាងវិស័យផលិតកម្មរបស់ប្រទេសចិន។ ក្នុងនោះនាមប័ណ្ណថ្មីនៃ «Made in China» បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានដូចជាយានអវកាសផ្ទុកមនុស្សដែលផលិត ដោយប្រទេសចិនបានត្រូវបង្ហោះ ទៅកាន់គន្លងតារាវិថីដោយជោគជ័យ ស្ថានីយអវកាសទីមួយរបស់ចិនជិតនឹងកសាងរួចរាល់ តេឡេស្កុបយក្សបានដាក់ឱ្យប្រើប្រាស់។ល។

ក្រៅពីនេះ «Made in China» ក៏បានក្លាយជាចំណងតភ្ជាប់មិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសចិននិងបណ្តាប្រទេសនានា។ ក្នុងនោះ ផ្លូវដែកល្បឿនលឿនចិន-អឺរ៉ុប, ផ្លូវដែកចិន-ឡាវ, ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាដើមដែលស្រាវជ្រាវនិងអភិវឌ្ឍ ដោយប្រទេសចិនបានរឹតចំណងមិត្តភាព រវាងប្រទេសចិនជាមួយប្រទេសដៃគូ ព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់។

ក្នុងខណៈពេលដែលមនុស្សជាតិបានឈានចូលយុគសម័យថ្មី «Made in China» ក៏បានវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ ដែលបាននាំមកនូវផលប្រយោជន៍ជូនដល់ ប្រជាជនចិននិងប្រជាជនលើពិភពលោក ហើយក៏បានតភ្ជាប់ប្រទេសចិន ជាមួយប្រទេសនានា ដើម្បីឆ្ពោះទៅរកការសម្រេចបាន នូវការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន