(ព្រុចសែល)៖ អតីតអគ្គលេខាធិការអង្គការ NATO លោក អាន់ឌឺស ហ្វក រ៉ាស់មូសសិន (Anders Fogh Rasmussen) បាននិយាយថាកងទ័ពរុស្ស៉ីមានភាពរញ៉េរញ៉ៃ និងកំពុងប្រើប្រាស់អាវុធចាស់ៗ ហើយនេះគឺជាឱកាសមួយដែលកងទ័ពអ៊ុយក្រែនអាចទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមសព្វថ្ងៃ ប្រសិនបើ NATO បន្ត និងបង្កើន ល្បឿនបញ្ជូនអាវុធបន្ថែមទៀតដល់ទីក្រុងកៀវ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។

លោក Rasmussen ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបន្ទាប់ពីអ៊ុយក្រែនអំពាវនាវឱ្យ សម្ព័ន្ធមិត្តបង្កើនល្បឿនបញ្ជូនអាវុធមកបន្ថែម ជាពិសេសប្រព័ន្ធមីស៊ីលការពារដែនអាកាស ដើម្បីធ្វើសង្រ្គាមរដូវរងាជាមួយរុស្ស៉ីដែលកំពុងបន្តវាយប្រហារបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ លោក Rasmussen បានគូសបញ្ជាក់ដូច្នេះថា «NATO គួរតែបង្កើនល្បឿនបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ កងទ័ពអ៊ុយក្រែនបាន បង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការប្រើប្រាស់អាវុធដែលពួកគេទទួលបានយ៉ាងមានប្រសិទ្ធភាព»។ លោកបន្ថែមថាប្រសិនបើ NATO និងសម្ព័ន្ធមិត្តនៅតែបន្តផ្ដល់ អាវុធទំនើបៗបន្ថែម នោះកងទ័ពអ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន អាចទទួលបានជ័យជម្នះនៅក្នុងសង្រ្គាម ប្រឆាំងនឹងកងទ័ពរុស្ស៉ីដ៏រញ៉េរញ៉ៃ និងកំពុងប្រើប្រាស់អាវុធ ចាស់ៗ។

គួរបញ្ជាក់ថា លោក Rasmussen ធ្លាប់កាន់តំណែងជាអគ្គលេខាធិការអង្គការ NATO ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ និងជាអតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក ផងដែរ ហើយសព្វថ្ងៃ លោកជាប្រធានវិទ្យាស្ថាន Rasmussen Global៕